ភ្នំពេញ៖
នារីម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងរន្ធត់ ខណៈពេលជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ រួចជិះឡើងវ៉ាស្តាំរថយន្តដឹកទំនិញបើកនៅពីមុខ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងទៀត បើកស្របគ្នាមកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យខ្ទាតបុរសរងគ្រោះចូលទៅក្រោមកង់រថយន្តដឹកទំនិញកិនពីលើចំក្បាល ហើយរថយន្តបង្ក បានបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៦ស្ថិតនៅលើផ្លូវទំនប់កប់ស្រូវក្នុងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះ ម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាកលេខភ្នំពេញ1KR-8113 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវទិសដៅពីត្បូងទៅជើង។ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏បានឡើងវ៉ាស្តាំដៃរថយន្តដឹកទំនិញមួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3A-7451 បើកបរនៅពីមុខ។
ភ្លាមនោះដែរ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងមិនចាំស្លាកលេខនិងមិនស្គាល់ម៉ាកធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនមកបុករុញម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឲ្យជ្រុលម៉ូតូទៅបុករថយន្តដឹកទំនិញបន្ត។ ចំណែកឯជនរងគ្រោះដួលខ្ទាតក្បាលចូលកង់រថយន្តដឹកទំនិញខាងក្រោយផ្នែកខាងស្តាំកិនស្លាប់យ៉ាងរន្ធត់ហើយរថយន្តដែលបង្កមុន បានបើករត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសនកន។ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តព្រៃវែងតាមប្រពៃណី៕
