ក្នុងនាមជាប្រធានប្រតិភូ លោក សាយ បានដឹកនាំប្រតិភូយុវជនកម្ពុជាចំនួន ១៦ រូប ចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍និង ជប៉ុន ចាប់ពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ នៅប្រទេសជប៉ុន និង បន្តដំណើរតាមកប៉ាល់ចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសសិង្ហបុរី ដោយធ្វើមាតុភូមិនិវត្តន៍វិញ នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ខាងមុខនេះ។
កាលពីល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាតំណាងកម្ពុជា ដោយមានលោក សាយ ជាប្រធានគណប្រតិភូនោះ បានចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុន លើកទី ៤៩ ឆ្នាំ ២០២៦ ហើយ បន្ទាប់ពីឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលមុនចេញដំណើរអស់រយៈពេល ៩៥ ថ្ងៃ។
ដែលភារៈកិច្ចមួយនេះ លោក សាយ ត្រូវបានទទួលការតែងតាំង ពីលោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន និង រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា លោក សាយ គឺជាយុវជនកម្ពុជាមួយរូប ដែលធ្លាប់បានចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ ២០១០ កន្លងទៅ។ ក្នុងនាមជាអតីតយុវជនអាស៊ីអាគ្នេយ៍នេះផង និង ជាយុវជនកម្ពុជាមួយរូប ដែលធ្វើការងារសង្គមជាគំរូកន្លងមកផងនោះ លោក សាយ ទទួលបានការផ្ដល់ទំនុកចិត្ត និង ផ្ដល់ឱកាសពី អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន និង រាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាប្រធានប្រតិភូ ដឹកនាំប្រតិភូយុវជនកម្ពុជា ចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី ៤៩ នេះ៕
