ភ្នំពេញ៖
តូបលក់គ្រឿងទេសនៅផ្សារធំទួលសង្កែ ហៅផ្សារហាំហាន់ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យរងការខូចខាតអស់ចំនួន២តូប។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នៅចំណុចផ្សារសាំហាន់ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយនិងមានអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅលាយឡំនិងសំឡេងផ្ទុះចេញពីតូបលក់គ្រឿងទេសខាងលើ។ ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជីវករនាំគ្នាជួយបាញ់ពន្លត់និងជញ្ជូនអីវ៉ាន់ចេញព្រមទាំងទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យទៅអន្តរាគមន៍។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថានៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យចំនួន១១ គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ នៅក្នុងនោះ រថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះចំនួន១០គ្រឿងនិងរថយន្តរបស់សាលាខណ្ឌឬស្សីកែវចំនួន១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ៩ឡាន ហើយ ភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង ៦នឹង១៥នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល។
តាមនគរបាល បានឲ្យដឹងទៀតថា អគ្គិភ័យនេះ បណ្ដាឲ្យតូបលក់គ្រឿងទេសដែលធ្វើពីដែក ប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រគុណ៨ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ពេជ្រ ទូច ភេទប្រុស អាយុ ៥៨ឆ្នាំជនជាតិ ខ្មែរ ត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង ហើយឆេះរាលដាលមកដល់តូបមួយទៀតដែលនៅជាប់នោះអស់ប្រមាណ 50%។ តាមនគរបាលឲ្យដឹងទៀតថា អគ្គីភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
