ភ្នំពេញ៖
បុរសម្នាក់ស្រវឹងស្រាជោគជាំ បានឡើងទៅបើករថយន្តបាញ់បេតុងមួយគ្រឿង រួចបួងចង្កូតបត់ត្រឡប់ក្រោយ ក៏ជ្រុលទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតសំយ៉ាបផ្ទះនិងទ្វារ រួមទាំងសម្ភាៈមួយចំនួននៅក្នុងនោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ ស្ថិតនៅលើផ្លូវបេតុងច្រកចូលវត្តត្រពាំងឈូក ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ វេលា ម៉ោង៧:៤០នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦។
ម្ចាស់ផ្ទះមានឈ្មោះ ខេន សុខា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបលក់នំបញ្ចុក បច្ចុប្បន្ន ស្នាក់នៅផ្ទះកើតហេតុខាងលើ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តបង្កម៉ាក ISUZU ក្បាលពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 5A- 3688 បើកតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូង។
លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានរយ៉ែរួចបួងចង្កូតបត់ត្រឡប់ក្រោយវិញ មិនប្រយ័ត្នក៏ជ្រុលចង្កូតបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាតទ្វារដែកយំយ៉ាបផ្ទះនិងប្រេះបេតុងខាងក្នុងខូចខូចខាតយ៉ាងដំណំ ខណៈម្ចាស់ផ្ទះកំពុងតែសំរាកនៅខាងក្នុង សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ចំណែកឯអ្នកបើកបរ ត្រូវសមត្ថកិច្ច ឃាត់បាន។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានឃាត់អ្នកបើកបរ ហើយ ក្រោយមក ក៏មានភាគីខាងម្ដាយម្ចាស់រថយន្តបង្ក ចុះមកដោយសម្របសម្រួល សងសំណងទៅលើម្ចាស់ផ្ទះ ចំនួន 1000 ដុល្លារដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
