លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានព្រមានប្រទេសនានា កុំឲ្យដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចរចាកាលពីពេលថ្មីៗនេះជាមួយសហរដ្ឋអាមេរិក ដោយថា លោកនឹងដាក់ពន្ធខ្ពស់ជាងនេះក្រោមច្បាប់ពាណិជ្ជកម្មផ្សេងៗ ពោល គឺបន្ទាប់ពីតុលាការកំពូលអាមេរិក បានលុបចោលវិធានការពន្ធរបស់លោកប្រធានាធិបតី ត្រាំ។ លោកប្រធានាធិបតី ត្រាំ បានគំរាមថា "ប្រទេសណាមួយដែលចង់ 'លេងល្បែង' ជាមួយនឹងការសម្រេចចិត្តដ៏គួរឲ្យអស់សំណើចរបស់តុលាការកំពូល ជាពិសេសប្រទេសដែលបាន 'លួច' ពីអាមេរិកអស់រយៈពេលជាច្រើនឆ្នាំនោះ នឹងត្រូវប្រឈមមុខនឹងអត្រាពន្ធខ្ពស់ជាងនេះ និងវិធានការអាក្រក់ជាងមុនទៅទៀត។ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា ទោះបីជាតុលាការបានសម្រេចចិត្តលុបចោលវិធានការពន្ធរបស់លោកក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិក៏ដោយ លោកក៏អាចមានសិទ្ធ ក្នុងការប្រើប្រាស់ពន្ធក្រោមច្បាប់ផ្សេងទៀត "តាមរបៀបដ៏មានឥទ្ធិពល និងខ្លាំងជាងវិធានការពន្ធដំបូងទៅទៀត"។