ភ្នំពេញ៖ 

ទីតាំងស្តុកទុកនិងចែកចាយដោយខុសច្បាប់នូវបារីអេឡិចត្រូនិច ត្រូវបានកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបដោយដកហូតបានប្រមាណ ៣០ម៉ឺនដើម ព្រមទាំងធ្វើការឃាត់ខ្លួនមនុស្សបានចំនួន៥នាក់ ។ 

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ជិតភ្លឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ផ្ទះលេខC5 ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 
ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ រួមមាន៖១/ឈ្មោះ វង្ស ឆាយណា ភេទប្រុស,២/ឈ្មោះ គង់ ឫទ្ធី ភេទប្រុស, ៣/ឈ្មោះ វ៉ែន ប្រុស ភេទប្រុស, ៤/ឈ្មោះ ទួន តារា ភេទប្រុស និង៥,ឈ្មោះ ម៉ៅ សុវណ្ណហៃ ភេទប្រុស ។

តាមសមត្ថកិច្ច បានអោយដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក  ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ៕