លោក ស្ទីវ វីដអូហ្វ បេសកជនពិសេសរបស់លោកប្រធានាធិបតី ត្រាំ បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាមានចម្ងល់យ៉ាងខ្លាំងអំពីមូលហេតុដែលប្រទេសអ៊ីរ៉ង់ មិនព្រម «ចុះចាញ់» ឬព្រមទទួលយកលក្ខខណ្ឌ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនកម្លាំងយោធារបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា។ លោកប្រធានាធិបតី ត្រាំ បានបញ្ជាឲ្យដាក់ពង្រាយកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់តំបន់មជ្ឈិមបូព៌ា និងត្រៀមរៀបចំសម្រាប់ការវាយប្រហារតាមអាកាសរយៈពេលច្រើនសប្តាហ៍លើប្រទេសអ៊ីរ៉ង់ ស្របពេលដែលអ៊ីរ៉ង់ បានគំរាមធ្វើការឆ្លើយតបលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ ប្រសិនបើខ្លួនរងការវាយប្រហារ។ អាមេរិកចង់ឲ្យអ៊ីរ៉ង់បោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលទីក្រុងវ៉ាស៊ីនតោននិយាយថាអាចប្រើប្រាស់សម្រាប់ការផលិតគ្រាប់បែកបរមាណូ ក៏ដូចជាឈប់គាំទ្រពួកសកម្មប្រយុទ្ធនៅតំបន់មជ្ឈិមបូព៌ា និងទទួលយកការកំណត់ចំពោះកម្មវិធីគ្រាប់មីស៊ីលរបស់ខ្លួន។ តែទីក្រុងតេអេរ៉ង់បានឆ្លើយតបថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺជាកម្មវិធីសន្តិភាព និងបំរើការស៊ីវិលតែប៉ុណ្ណោះ ហើយអីរ៉ង់ ក៏មានឆន្ទៈក្នុងការទទួលយកការរឹតបន្តឹងមួយចំនួន ជាថ្នូរនឹងការលើកលែងការដាក់ទណ្ឌកម្ម ខណៈដែលមិនបានឆ្លើយតបទៅនឹងបញ្ហាផ្សេងទៀតដូចជាគ្រាប់មីស៊ីល និងការគាំទ្រដល់ក្រុមប្រដាប់អាវុធក្នុងតំបន់នោះទេ។
