កំពង់ស្ពឺ៖
បុរសម្នាក់ បានរងរបួសបែកក្បាលដេរចំនួន៨ថ្នេរ ខណៈដែលទៅប្រាប់អ្នករស់នៅក្បែរគ្នាកំពុងលាងសម្អាតអាចម៍ជ្រូកទាំងយប់ រំខានដល់ការសម្រាកនិងការរស់នៅ ស្រាប់តែម្ចាស់ជ្រូក ស្ទុះទាញដំបងឈើវាយសន្ធប់ បណ្តាលឲ្យរបួសក្បាល រួចក៏ប្តឹងនគរបាលជួយអន្តរាគមន៍ ។
ការឃាត់បុរសដៃដល់ទាញដំបងវាយអ្នកជិតខាងរបួសបែកក្បាលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ២០២៦ នៅក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា មុនពេលឈានដល់ធ្វើការឃាត់ខ្លួនជនដៃដល់យកដំបងវាយជនរងគ្រោះរស់នៅជិតខាងគ្នានោះ នៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឈ្មោះ ឃឹម រឹម ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច បានមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ទៅលើឈ្មោះ ស្រី ពៅ ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា ពីបទហិង្សាដោយចេតនា(យកដំបងវាយរងរបួសធ្ងន់)។
នគរបាលស្រុកភ្នំស្រួច បានបន្ថែមទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះខាងលើ លុះមកដល់វេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នគរបាល បានហៅឈ្មោះ ស្រី ពៅ យកមកសាកសួរ ហើយ ជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួន ពិតជាបានយកដំបងឈើវាយទៅលើជនរងគ្រោះប្រាកដមែន។
មូលហេតុដែលយកដំបងវាយទៅលើជនរងគ្រោះខាងលើនេះ ដោយសារតែទាស់ពាក្យសំដីរឿងលាងអាចម៍ជ្រូក។ក្រោយឃាត់ខ្លួនបុរសជនសង្ស័យដៃដល់ខាងលើ នគរបាលស្រុកភ្នំស្រួច បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
