លោកប្រធានាធិបតីប្រទេសប៉េរូ ចូសេ ជឺរី ដែលត្រូវដកចេញពីតំណែង ដែលលោកទើបឡើងកាន់បានរយៈពេលត្រឹមតែ 4 ខែនោះ បានថ្លែងសារលាគណៈរដ្ឋមន្ត្រីរបស់លោកនៅមាត់ទ្វារនៃវិមានរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ទី17 ខែកុម្ភៈ បន្ទាប់ពីសភាប្រទេសនេះ បោះឆ្នោតសម្រេចដកតំណែងលោក ជុំវិញរឿងអាស្រូវដែលជាប់ពាក់ព័ន្ធ នឹងអ្នកជំនួញជនជាតិចិនម្នាក់។ គួរបញ្ជាក់ផងដែរថា សមាជិកសភាចំនួន 75 រូបបានបោះឆ្នោតគាំទ្រការដកតំណែងលោក ជីរី ខណៈដែល 24 រូបទៀត បានបោះឆ្នោតប្រឆាំង និង 3 រូបអនុប្បវាទ ខណៈដែលសមាជិកសភា រំពឹងថានឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានសភាថ្មីនៅថ្ងៃព្រហស្បត្តី ទី19 ខែកុម្ភៈនេះ ដែលប្រធានសភាថ្មីរូបនោះ ក៏នឹងចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសប៉េរូផងដែរ។