ភ្នំពេញ៖ 

យុវជនម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូលឿន វ៉ាជែងខាងឆ្វេងដៃ ក៏ជ្រុលទៅបុកផ្ទប់ចំពីមុខរថយន្តកុងតឺន័របើកទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពមានឈ្មោះ គ្រីប សុខគ្រី ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិកណ្តាល ឃុំឆក់ឈើរនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ មួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 3A-7574 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម ។

លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុទល់មុខនិងបុរីពិភពថ្មីកំបូល១ ស្រាប់តែគេ ឃើញយុវជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់C125 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាក លេខ ភ្នំពេញ 1JD-4306 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅ បញ្រ្ចាសគ្នាពីកើតទៅលិចក្នុងល្បឿនលឿន។ ពេលជិះមកដល់ចំណុចកើតហេតុ ក៏បានឡើងវ៉ាជែងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកខាងឆ្វេងដៃ ក៏ជ្រុលទៅបុកផ្ទប់ចំពីមុខរថយន្តកុងតឺន័តយ៉ាងពេញទំហឹ ងបណ្តាលឲ្យម៉ូតូចូលក្រោមរថយន្តមួយកំណាត់មុខចំណែកឯម្ចាស់ម៉ូតូ បានបាក់ជើងបាក់ក៏ស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងរន្ធត់ ហើយភ្លាមនោះដែរ តៃកុងរថយន្តកុងតឺន័រ បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារយកទៅ ធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕