ពលរដ្ឋប្រទេសថៃ កំពុងដាក់ក្តីសង្ឃឹមរបស់ពួកគេលើលោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះ ងើបឡើងវិញ បន្ទាប់ពីគណបក្សរបស់លោក ទទួលបានសម្លេងគាំទ្រយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតទូទៅ។ គណបក្សភូមិចៃថៃរបស់លោក អនុទីន បានឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី8 ខែកុម្ភៈ ដែលបង្កើនការរំពឹងទុកថា សម្ព័ន្ធភាពដែលមានស្ថេរភាពជាងមុន អាចទទួលបានជោគជ័យក្នុងការបញ្ចប់អស្ថិរភាពនយោបាយរបស់ប្រទេសនេះ។ គួរបញ្ជាក់ផងដែរថា ផ្អែកលើទិន្នន័យរបស់គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ គណបក្ស ភូមិចៃថៃ បាននាំមុខគូប្រជែងរបស់ខ្លួនយ៉ាងខ្លាំងបន្ទាប់ពីការបោះឆ្នោតទូទៅកាលពីថ្ងៃអាទិត្យ ទី8 ខែកុម្ភៈ ដោយទទួលបាន 192 អាសនៈក្នុងចំណោម 500 អាសនៈនៅក្នុងសភាថៃ ស្របពេលដែលគណបក្សប្រជាជន ទទួលបាន 117 អាសនៈ និងគណបក្សភឿថៃ ទទួលបាន 74 អាសនៈ។