ឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រទេសម៉ិកស៊ិក នឹងបញ្ឈប់ការបញ្ជូនប្រេងទៅកាន់ប្រទេសគុយបា។ ប្រទេសម៉ិកស៊ិកូ គឺជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេតែមួយគត់ទៅកាន់ប្រទេសគុយបា ដែលតែងតែទទួលរងនូវកង្វះខាតថាមពល និងការដាច់ចរន្តអគ្គិសនីជាញឹកញាប់នោះ។ ប្រទេសគុយបាពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលប្រេង ដើម្បីបំពេញតម្រូវការរបស់ខ្លួនសម្រាប់ការផលិតអគ្គិសនី សាំង និងប្រេងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ ទណ្ឌកម្មរបស់អាមេរិក និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ បានរារាំងរដ្ឋាភិបាលកុម្មុយនិស្តមួយនេះ ពីការទិញប្រេងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបង្ខំឲ្យប្រទេសនេះពឹងផ្អែកលើប្រទេសសម្ព័ន្ធមិត្តមួយចំនួនតូច។ គួរបញ្ជាក់ផងដែរថា កាលពីចុងសប្តាហ៍មុន លោកប្រធានាធិបតី ត្រាំ បានលើកឡើងថា អាមេរិកបានចាប់ផ្តើមការចរចាជាមួយ "មន្ត្រីជាន់ខ្ពស់បំផុតនៅក្នុងប្រទេសគុយបា" ប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានប្រកាសថា ប្រទេសគុយបា គឺ "ជាការគំរាមកំហែងយ៉ាងខ្លាំង" ចំពោះសន្តិសុខជាតិរបស់អាមេរិក និងគំរាមយកពន្ធបន្ថែមលើប្រទេសណាមួយ ដែលបញ្ជូនប្រេងទៅកាន់ប្រទេសនេះ។តែយ៉ាងណាមិញ អ្នកការទូតប្រទេសគុយបាម្នាក់បាននិយាយថា ប្រទេសគុយបា និងសហរដ្ឋអាមេរិក កំពុងធ្វើទំនាក់ទំនងនឹងគ្នា តែទំនាក់ទំនងនេះ មិនទាន់វិវត្តទៅជា "ការសន្ទនា" ជាផ្លូវការនៅឡើយនោះទេ។