លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ ចូលរួមក្នុងពិធីបើក «មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៦»។
នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមក្នុងពិធីបើក «មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៦» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា តំណាងបណ្ដាអង្គទូតប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ននានា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សិល្បករ-សិល្បការិនី និងសិស្សានុសិស្សជាច្រើន។ពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៦។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងថា មហោស្រពនេះគឺជានិមិត្តរូបនៃចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន តាមរយៈការផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរចំពោះអ្នករៀបចំកម្មវិធី ដៃគូរសហការឧបត្ថម្ភ អ្នកស្ម័គ្រចិត្ត សិល្បករ-សិល្បការិនី ទាំងអស់ដែលបានខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមហោស្រពនេះទទួលបានជោគជ័យ។
ពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៦ បានប្រព្រឹត្តទៅយ៉ាងឱឡារិក ដោយបានទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ព្រមទាំងមានការសម្តែងដ៏រស់រវើកពីសិល្បករជប៉ុន និងកម្ពុជា ដែលញ៉ាំងឱ្យការចាប់ផ្តើមនៃមហោស្រពនេះកាន់តែមានភាពអស្ចារ្យ។
មហោស្រពឆ្នាំនេះ ក្រោមប្រធានបទ «គន្លងថ្មីសម្រាប់ភ្ជាប់ជប៉ុន និងកម្ពុជា» នឹងបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ នៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-ជប៉ុន(CJCC)។ សាធារណៈជនអាចអញ្ជើញចូលរួមដើម្បីទទួលបទពិសោធន៍ដ៏រីករាយក្នុងមហោស្រពដ៍ពិសេសនេះ។
