ភ្នំពេញ៖
ផ្ទះប្រជាពលរដ្ឋចំនួន៣ល្វែង រួមទាំងសម្ភារៈមួយចំនួនធំ ត្រូវបានអគ្គិភ័យឆាបឆេះ អស់ស្ទើរទាំងស្រុងនិងបណ្តាលឲ្យមានមនុស្សប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់និងស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញចេញរថយន្តទៅជួយបាញ់ពន្លត់។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ ពួកគាត់បានឃើញអណ្តាតភ្លើងឆាបឆេះចេញពីផ្ទះល្វែង ខណៈដែលម្ចាស់ចាក់សោរទុកចោលមុនគេយ៉ាងសន្ធោសន្ធៅ រួចបន្តឆេះរាលដាលទៅលើផ្ទះល្វែងនៅក្បែៗគ្នាចំនួន ២ល្វែងបន្ថែមទៀត។
ភ្លាមនោះដែរ ប្រជាពលរដ្ឋរស់នៅក្បែរខាង រួមទាំងម្ចាស់ផ្ទះ បានទាញទុយោទឹកបាញ់ ទប់ស្កាត់ ជាបណ្តោះអាសន្ន រួចក៏នាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់ អគ្គិភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។ សមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំង ជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគបាញ់ពន្លត់ជាច្រើនគ្រឿងជាបន្តបន្ទាប់ ទើបសមត្ថកិច្ចជំនាញបាញ់ពន្លត់អោយរលត់ទៅវិញទាំងស្រុង ។ ចំពោះមូលហេតុនៃការឆេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅពេលក្រោយ។ ដោយឡែក ចំពោះករណីខាងលើនេះ បណ្តាលឲ្យមានមនុស្សប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់និងស្រាលបញ្ជូនទៅមន្ទីពេទ្យភ្លាមៗផងដែរ៕
