ប៉ុន្មានថ្ងៃមុនការមកដល់នៃខួបរយៈពេល 4 ឆ្នាំនៃការផ្ទុះឡើងនៃសង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន កិច្ចចរចាជុំទី 3 ត្រីភាគីរយៈពេល 2 ថ្ងៃរវាងមន្ត្រីអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី បានបញ្ចប់ទៅដោយគ្មានផ្លូវចេញលើបញ្ហាសំខាន់ៗណាមួយឡើយ។ លោក រុស្តេម អ៊ូមឺរូហ្វ អ្នកដឹកនាំចរចារបស់អ៊ុយក្រែន បាននិយាយថា កិច្ចចរចាមានភាពតានតឹង ខណៈដែលការត្រួតពិនិត្យលើបទឈប់បាញ់ដែលមានការចូលរួមពីសហរដ្ឋអាមេរិក ក៏ដូចជាបញ្ហាទឹកដីដ៏រសើបដូចជាតំបន់ ដុនបាស និងរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាព័ររីហ្ស៊ែរ សុទ្ធតែត្រូវបានពិភាក្សា អំឡុងពេលនៃការចរចា តែទោះបីជា "មានវឌ្ឍនភាពមួយចំនួន ក៏ចំណុចសំខាន់ៗមួយចំនួនទៀតនៅតែមិនទាន់ឈានដល់។ ខាងភាគីរុស្ស៊ី ដែលដឹកនាំដោយលោក វ្លាឌីម៊ែរ មេឌីនស្គី ក៏បានបញ្ជាក់ថា កិច្ចចរចាជុំថ្មីមួយនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ខណៈដែលបច្ចុប្បន្ននេះ មិនមានឯកសារណាមួយត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលនៃការចរចានោះទេ។ គួរបញ្ជាក់ផងដែរថា កិច្ចចរចាត្រីភាគី 2 លើកមុន ដែលធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃទី 23 24 ខែមករា និងថ្ងៃទី 4 5 ខែកុម្ភៈ ក៏បញ្ចប់ទៅដោយគ្មានការសម្រេចលើបញ្ហាណាមួយនោះដែរ ខណៈដែលកិច្ចប្រជុំទាំងនេះ ផ្តោតសំខាន់លើយន្តការបទឈប់បាញ់ ការធានាសន្តិសុខ បញ្ហាមនុស្សធម៌ និងជម្លោះទឹកដី។
