កណ្តាល៖ 

អនិច្ចារសង្ខាជីវិតកូនស្រីតូច បានស្លាប់បាត់បង់ជីវិត ដោយលង់ក្នុងទឹកទន្លេ ឆ្នេវាលខ្សាច់  ក្រោយការធ្វេសប្រហេសតែបន្តិចពីម្តាយឳពុក  ដោយហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង ១៦និង០០នាទីល្ងាចថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០២៦ នៅចំណុចវាលខ្សាច់ស្ថឹតក្នុងភូមិកោះតូច សង្កាត់កោះឩកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ 

លោកវរៈសេនីយ៍ត្រី យ៉ុង សុខគាន់ នាយប៉ុស្តិ៍នគរបាលរដ្ធបាលកោះឧកញ៉ាតី បានប្រាប់ឲ្យដឹងថា÷កុមារីរងគ្រោះជាអនីតិជន មានឈ្មោះ រិទ្ធ លីតា  អាយុ០៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រស់ក្នុងបន្ទុកគ្រួសារ ដែលមានឳពុកឈ្មោះ ផល សុភណ្ណារិទ្ធ អាយុ៣៤ឆ្នាំនិងម្តាយឈ្មោះ ទូច វណ្ណធឿន មានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ ។ 

លោកនាយប៉ុស្តិ៍ បន្តទៀតថាក្រោយទទួលបានដំណឹងករណីមានក្មេងស្រីលង់ទឹកស្លាប់ភ្លាម  លោក បានគោរពរាយការណ៍ជូនលោកអធិការក្រុងអរិយក្សត្រ  ដោយលោកអធិការបានបញ្ជាលោកអធិការរងទទួលផ្នែកយុត្តិធម៌ដឹកនាំកម្លាំងពិនិត្យវិភាគកន្លែងកើតហេតុ សហការណ៍ជាមួយអាជ្ញាធរមូលដ្ធាននិងលោកគ្រូពេទ្យ ចុះមកដល់ទីតាំងកើតហេតុ និងទទួលបាននូវការបំភ្លឺពីឳពុកកុមារីរងគ្រោះ រៀបរាប់ប្រាប់សមត្ថកិច្ចថា÷នៅមុនកើតហេតុបន្តិច ឳពុកនិងម្តាយ បាននាំកូន (កុមារីរងគ្រោះ )ទៅមុជទឹក លេងនៅឆ្នេរខ្សាច់ទន្លេក្បាលភូមិកោះតូច។ ពេលទៅដល់ ពួកគាត់បានអង្គុយលេងនៅ លើវាលខ្សាច់កន្លែងកើតហេតុបានបន្តិច គាត់ក៏បានរកមើលកូនស្រី (កុមារីរងគ្រោះ) តែមិនឃើញ ដោយមិនអស់ចិត្តគាត់ ក៏បាន រត់ឡើងមកមើលនៅកន្លែងដាក់ម៉ូតូ ក៏នៅតែមិនឃើញ រួចក៏ចុះទៅវិញ ។

ដោយមានការសង្ស័យ គាត់បានអោយបងប្អូនដែលនៅក្បែរនោះជួយចុះរាវរកក្នុងទឹកទន្លេ ក៏ត្រូវបានបងប្រុសឈ្មោះ រស់ រម្យ រកឃើញនិងបានបីកុមារីរងគ្រោះ ចេញពីក្នុងទឹក ដោយមានសភាពទន់បាត់បង់ស្មារតី។ ពេលនោះ គាត់ក៏បានបញ្ជូនកូនទៅមន្ទីរពេទ្យនៅឯ ភ្នំពេញភ្លាមៗ។  ក្រោយពីបានពិនិត្យរួច  លោកគ្រូពេទ្យក៏បានប្រាប់ថា÷នាងតូច បានបាត់បង់ជីវិតទៅហើយ ។  បន្ទាប់មក ក៏បានយកសពកុមារីរងគ្រោះត្រឡប់មកផ្ទះវិញ និងរាយការណ៍ជូនសមត្ថកិច្ច ។

ក្រោយជំនាញធ្វើការពិនិត្យយ៉ាងល្អិតល្អន់ និងយោងលោកគ្រូពេទ្យ គឺបានបញ្ជាក់ថា÷ សព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺសព កុមារីរងគ្រោះ ស្លាប់ដោយការលង់ទឹក និងក៏បានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕