ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូងនៅកម្ពុជា ប្រព្រឹត្តទៅដោយជោគជ័យ មានកុមារចូលរួម ៣៥០នាក់

Sports • February 04, 2026
     ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូងនៅកម្ពុជា ប្រព្រឹត្តទៅដោយជោគជ័យ មានកុមារចូលរួម ៣៥០នាក់

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី១ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យ និងមានអាណាព្យាបាល នាំកូនៗតូចៗរបស់ខ្លួនចូលរួមយ៉ាងច្រើនកុះករ នៅផ្សារទំនើបអ៊ីអនមានជ័យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមគណៈកម្មការរៀបចំ ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកលើកដំបូងនេះ មានកុមារចូលរួមសរុប ៣៥០នាក់ ដែលជាតួរលេខលើសពីការរំពឹងទុក បន្ទាប់ពីមានអាណាព្យាបាលជាច្រើន បានសំណូមពរស្នើសុំចុះឈ្មោះបន្ថែម តែដោយសារកត្ដាទីតាំង និងដើម្បីធានាការរៀបចំបានល្អប្រសើរ គណៈកម្មការសម្រេចទទួលការចុះឈ្មោះត្រឹម ៣៥០នាក់ប៉ុណ្ណោះ។

ឯកឧត្តម វ៉ាត់ ចំរើន បានសម្ដែងការភ្ញាក់ផ្អើល និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងការចូលរួមរបស់កុមារ ពិសេសការជំរុញរបស់អាណាព្យាបាល ដែលបង្ហាញឲ្យឃើញពីការយល់ដឹងអំពីអត្ថប្រយោជន៍នៃការលេងកីឡា ។ ទោះបីការប្រកួតកីឡា តែងមានឈ្នះមានចាញ់ តែឯកឧត្តមសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍រៀបចំឡើង មិនផ្ដោតលើលទ្ធផលពេកនោះទេ សំខាន់គឺការចូលរួម និងបង្ហាញនូវភាពក្លាហានរបស់កុមារ តាមរយៈសកម្មភាពកីឡា។

គួរដឹងថា សម្រាប់ឆ្នាំដំបូង នៃព្រឹត្តិការណ៍កុមារអូឡាំពិក ឆ្នាំ២០២៦ មានកីឡា ១០ប្រភេទ ដូចជាកីឡាវារ កីឡាប្រើបញ្ញាអូឡាំពិក និងកីឡារត់ សម្រាប់កុមារចន្លោះអាយុ ១ ទៅ ២ឆ្នាំ, កីឡាប្រណាំងកង់ដោល, លើកទម្ងន់ និងបាល់បោះ សម្រាប់កុមារចន្លោះអាយុ ៣ ទៅ ៤ឆ្នាំ រួមជាមួយកីឡាបាល់ទាត់ យុទ្ធគុនចម្រុះ វាយកូនគោល និងវាយសី សម្រាប់កុមារចន្លោះអាយុ ៥ ទៅ ៧ឆ្នាំ។ ក្រោយបញ្ចប់ការប្រកួត សម្រាប់កុមារទទួលបានជ័យលាភីលេខ១ ដល់លេខ៣ ក៏ទទួលបានរង្វាន់អនុស្សាវរីយ៍ពីគណៈកម្មការរៀបចំផងដែរ៕








x Enlarged Image