ភ្នំពេញ៖
បុរសជាជនវិបល្លាសស្មារតី(សតិមិនប្រក្រតី)ម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុក កៀនស្វាយ តាមឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពហិង្សាដោយចេតនាដោយបានចាប់ទាញជីដូនសង្កើតទម្លាក់ពីលើគ្រែខាងក្រោមផ្ទះនិងវាយបណ្តាលឲ្យរបួសជាច្រើនកន្លែង រហូតដល់ស្លាប់។
ហេតុការណ៍នេះ បានកើតឡើងពេលវេលា១១ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនសង្ស័យដែលវាយសម្លាប់ជីដូនរូបនោះ ឈ្មោះ ប៊ូ ចាន់ដារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ មានសតិមិនប្រក្រតី មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ ប៊ូ សុឃន ភេទស្រី អាយុ៩០ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវជាជីដូនបង្កើតជនសង្ស័យ។
តាមនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងនៃអធិការដ្ឋាន ស្រុកកៀនស្វាយ ឃាត់ខ្លួនកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី០៩ខែកុម្ភៈឆ្នាំ ២០២៦ នៅម្តុំជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពទាញជីដូនចាស់ជរា ទម្លាក់ពីលើគ្រែនិងវាយដំ រហូតដល់ស្លាប់បាន១ថ្ងៃ។
តាមនគរបាល បានឲ្យដឹងទៀតថានៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៩:០០ នាទីព្រឹក ជនសង្ស័យ បានធ្វើសកម្មភាពចាប់ទាញជនរងគ្រោះទម្លាក់ពីលើគ្រែខាងក្រោមផ្ទះនិងវាយជនរងគ្រោះ បណ្តាលឲ្យរបួសជាច្រើនកន្លែង ឃើញដូចនេះ ឈ្មោះ លន ធឿន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ (ត្រូវជាក្មួយស្រីរបស់ជនរងគ្រោះ) បានទៅប្រាប់ឈ្មោះ ឡុង ចាន់តារ៉ា ភេទប្រុស ត្រូវជាមេភូមិដូនសរ ឃុំគគីរ ពីសកម្មភាពរបស់ជនសង្ស័យ ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះដែលជាជីដូន។
លុះដល់ពេលឈ្មោះ លន ធឿន ភេទស្រី ត្រឡប់មកពីផ្ទះមេភូមិវិញ បាននាំបងប្អូនមករៀបចំកន្លែងឲ្យជនរង ដោយគ្រាដាក់នៅលើគ្រែក្រោមផ្ទះដើម្បីបញ្ចុកបបរ និងទឹក តែជនសង្ស័យ ស្រែកឡូឡា និងតាមរករឿងឈ្មោះ លន ធឿន ភេទស្រី មិនឲ្យបញ្ចុក បបរជនរងគ្រោះឡើយ ។
លុះដល់ម៉ោង១៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះលន ធឿន ភេទស្រី បានជិះម៉ូតូទៅប្រាប់កម្លាំងប៉ុស្តិ៍គគីរឲ្យជួយមកមើលជនសង្ស័យ ព្រោះមិនអោយខ្លួនចូលមើលជនរងគ្រោះដើម្បីបញ្ចុកបបរ និងទឹក។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍គគីរ បានចុះទៅដល់ផ្ទះជនរងគ្រោះ រួចបាននិយាយណែនាំជនសង្ស័យឈប់ស្រែកឡូឡា ពេលនោះ ជនសង្ស័យក៏យល់ព្រម ។ រហូតដល់ម៉ោង១៤និង៤០នាទី ថ្ងៃខែឆ្នាំដដែល ទើបបងប្អូនជនរងគ្រោះបានរាយ ការណ៍មកនគរបាលប៉ុស្តិ៍គគីរប្រាប់ថាជនរងគ្រោះបានដាច់ខ្យស់ស្លាប់។
គួរបញ្ជាក់ថាជនសង្ស័យ ឈ្មោះ ប៊ូ ចាន់ដារ៉ា ភេទប្រុស ជាជនវិបល្លាសស្មារតី ដោយសារទទួលគ្រោះថ្នាក់ចរាចរ ប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរនៅប្រទេសអូស្រ្តាលី ហើយទើបសមត្ថកិច្ចប្រទេសអូស្រ្តាលី បានបញ្ជូនអោយមករស់នៅប្រទេសកម្ពុជាវិញ ដោយរស់នៅជាមួយជនរងគ្រោះឈ្មោះ ប៊ូ សុឃន ភេទស្រី ត្រូវជាជីដូនបង្កើត វ័យជរា ហើយ។ កន្លងមក អោយតែជនសង្ស័យមានអាការៈធ្វើទុក មិនស្រួលខ្លួនជនសង្ស័យតែងតែចាប់ធ្វើបាបជនរងគ្រោះជាញឹកញាប់ និងធ្លាប់ឃាត់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារអស់ រយៈពេល ១ឆ្នាំកាលពីកំឡុងឆ្នាំ២០១៩ពីបទ"គំរាមកំហែង ថា សម្លាប់"ជនរងគ្រោះ ៕
