ភ្នំពេញ៖
យុវជនម្នាក់ ត្រូវរថភ្លើងកិនដាច់ជា២កំណាត់និងដាច់ដៃ បន្ទាប់ពីបាត់ខ្លួនរយៈពេល៤ថ្ងៃមកហើយ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើផ្លូវរថភ្លើងខ្សែរាជធានីភ្នំពេញ-ខេត្តកំពត ត្រង់ចំណុចមុខផែស្ងួត មួយកន្លែង ស្ថិតនៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
យុវជនរងគ្រោះ រូបនោះឈ្មោះម៉េង គឹម លាង អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃស្មិត ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ សាកសពដាច់ខ្លួនជាពីរកំណាត់ និងដាច់ដៃស្ដាំម្ខាងផងដែរ ។ ទាក់ទិនការស្លាប់នេះ គេពុំដឹងថាជនរងគ្រោះមកដេកលេងនៅលើផ្លូវរថភ្លើងឬក៏រត់ចូលរថភ្លើងធ្វើអត្តឃាត ឬយ៉ាងណានោះទេ។
នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញទូរស័ព្ទ១គ្រឿងម៉ាកOPPO នៅពេលដែលនគរបាលយកមកឆែកមើល បានឃើញមានសុទ្ធតែល្បែងហ្គេមអនឡាញ និងមានកន្ទុយសន្លឹកផ្ទេរប្រាក់ចុះឡើងផងដែរ ដែលសង្ស័យថាជាការទូទាត់ក្នុងការលេងល្បែងអនឡាញ ។ ចំណែកម៉ូតូដែលជនរងគ្រោះជិះសមត្ថកិច្ចពុំឃើញនោះទេ។
តាមក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថាពួកគាត់ពុំដឹងថាយុវជនរូបនោះមានវិបត្តិអ្វីនោះទេ។
តាមការសន្និដ្ឋាន សពអាចស្លាប់នៅវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ព្រោះនៅម៉ោងនោះ មានរថភ្លើងខ្សែរាជធានីភ្នំពេញ-ខេត្តកំពត ១ខ្សែ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះព្រឹកឡើងក៏ប្រទះឃើញសាកសពបែបនេះតែម្ដង ៕
