ភ្នំពេញ៖ 

បុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯយុវជន២នាក់ ទៀត រងរបួសស្រាល ក្រោយពេលបុរសរងគ្រោះជិះម៉ូតូបត់អែបឆ្លងផ្លូវ ក៏ត្រូវម៉ូតូមួយគ្រឿងទៀតជិះដោយយុវជនពីរនាក់ឌុបគ្នាធ្វើដំណើរទិសដៅបញ្ច្រាសគ្នាមកលឿន បុកចំពីមុខយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនាវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុង ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពមានឈ្មោះ ប៊ុន យូរ៉ា ភេទប្រុសអាយុជាង៤០ឆ្នាំ រស់នៅក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធឫនីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាក PCXពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1LY-1480 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងទៅត្បូង។ លុះពេលជិះមកដល់ចំណុច កើតហេតុខាងលើ ក៏បានបត់ឆ្វេងអែបឆ្លងទាំងបញ្ច្រាសផ្លូវ។ ភ្លាមនោះដែរ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1KE-6030 ជិះដោយយុវជនពីរនាក់ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅ   បញ្ច្រាសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនជាន់ប្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពីមុខម៉ូតូ PCX យ៉ាងពេញទំហឹ ងបណ្ដាលឲ្យប៉ើងទៅចិញ្ចឹមផ្លូវ ធ្វើឲ្យបុរសរងគ្រោះបោកក្បាលនិងគម្របលូស្លាប់ភ្លាមៗ ចំណែកឯភាគីម៉ូតូឌ្រីមសង់វិញ បានរងរបួសធ្ងន់ស្រាលទាំង២នាក់ ត្រូវបានមិត្តភក្កិដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យឯកជនមួយកន្លែង។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅដោយសារទុកជាបុរសសន្ន។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕