អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមពិធីឡើងមាឃ(ឬឡើងអ្នកតា)ជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយ។ ខណៈឆ្នាំ២០២៦នេះ បងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិមកពីទីជិតឆ្ងាយរាប់ពាន់នាក់ កុះករ លើសពីបណ្តាឆ្នាំមុនៗ បានមកមើលពិធីនេះ និងបានចូលរួមកម្សាន្តសប្បាយយ៉ាងរីករាយដោយមានអ្នកចូលរួមសរុបប្រមាណ ៣៥,៥០០នាក់។
ក្នុងនោះមានការចូលរួមពីឯកឧត្តម ដោក សុផា អនុប្រធានក្រុមការងារស្រុក លោកជំទាវ ញ៉ែម មរកត អនុប្រធានក្រុមការងារស្រុក ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សូរ ប្លាតុង អភិបាលស្រុក រួមទាំងសីល្បៈករល្បីៗនិងបងប្អូនជនរួមជាតិប្រុសស្រីយ៉ាងច្រើនកុះករជាងឆ្នាំកន្លងទៅ។
លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ឆ្នាំនេះពិធីចាប់ត្រីនៅ បឹងបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានអ្នកចូលរួមច្រើនកកកុញ ដោយមានចំនួន លើសពី ៣៥,០០០ នាក់ ដែលកើនឡើងជាងឆ្នាំមុនប្រមាណ ២ដង។ លោកជឿជាក់ថា នៅឆ្នាំក្រោយ ចំនួនអ្នកចូលរួមនឹងបន្តកើនឡើងថែមទៀត។
លោកបានបញ្ជាក់ថា ពិធីចាប់ត្រីនេះ មានអត្ថន័យសំខាន់ក្នុងការរក្សាប្រពៃណីវប្បធម៌បុរាណរបស់សហគមន៍ និងជាការបង្កើនសាមគ្គីភាព ការជួបជុំគ្រួសារ ព្រមទាំងជួយលើកកម្ពស់ការអភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងជលផលឲ្យមានចីរភាព។
ពិធីចាប់ត្រីរួមគ្នា សម្រាប់ឆ្នាំ២០២៦ បានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យ ៦រោច ខែមាឃ ត្រូវនិងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើឡើងនៅក្នុងត្រពាំងបុរាណមួយដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តង ក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ៕
