ភ្នំពេញ៖
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពលរដ្ឋប្រទះឃើញនារីជនជាតិចិនម្នាក់បានធ្លាក់ពីលើអាគារក្លឹបកម្សាន្ដមួយកន្លែងយីហោ «ពេជ្រលើមេឃ» បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ នៅមិនទាន់ដឹងមូលហេតុនៅឡើយ ។
ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៦:៣០នាទីយប់ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ដោយពួកគាត់ កំពុងតែ នាំគ្នាបំពេញកាងារ ស្រាប់តែឮស្នូសំឡេងធ្លាក់ពីលើអាគារ ក្លឹបកំសាន្ត « យីហោពេជ្រលើមេឃ» លាន់ឮយ៉ាងខ្លាំង។ ភ្លាមនោះដែរ ពួកគាត់ក៏នាំគ្នារត់ទៅអើតមើល ស្រាប់តែប្រទះឃើញនារីជនជាតិចិនម្នាក់ បានស្លាប់ទាំងផ្កាប់មុខយ៉ាងអាណោចអាធ័ម។
ភ្លាមនោះដែរ ពួកគាត់ នាំគ្នារាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យទៅលើសពភ្លាមៗផងដែរ។ ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏យកខ្សែហ៊ុំព័ទ្ធទីតាំងកើតហេតុ រួចទាក់ទងទៅមន្ត្រីជំនាញកោសល្យវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យទៅលើសព។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន សហការជាមួយមន្ត្រីការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនិងធ្វើកោសល្យ វិច្ច័យលើសាកសព៕
