ភ្នំពេញ៖ 

ជនសង្ស័យ២នាក់ ត្រូវប្រជាពលរដ្ឋរួមនិងជនរងគ្រោះនាំគ្នាចាប់ខ្លួន បន្ទាប់ពី ជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែកពីស្រ្តី៣នាក់ដែលកំពុងជិះមូតូដូចគ្នា មិនបានសម្រេចដោយប្រតាយ វាយតប់គ្នាដួលម៉ូតូ។ 

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងបុរីសែនមនោរម្យ ភូមិ កន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនសង្ស័យពុំទាន់ស្គាល់អត្តសញ្ញាណភ្លាមៗឡើយ ត្រូវនគរបាលនាំទៅសាកសួរ។ 

តាមសាក្សី  បានឲ្យដឹងថាមុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់នោះ បានជិះមូតូ១ គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ក្រហម តាមផ្លូវបេតុងខាងលើ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានធ្វើសកម្មភាពឆក់ខ្សែកប្លាទីនពីស្រ្តីគ្នា៣នាក់ ដែលកំពុងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាPCX ពណ៌ស ក្នុងទិសដៅស្របគ្នា ។ 

ខណៈនោះឆក់មិនបានសម្រេចទេ ដោយសារតែជនរងគ្រោះនាំគ្នាស្រែកឆោឡោហើយ ប្រវាយប្រតប់គ្នា បណ្ដាលឲ្យដួលម៉ូតូទាំងអស់គ្នា ។ ក្នុងពេលធ្វើសកម្មភាព បណ្តាល អោយជនរងគ្រោះតងរបួសរលាត់ដៃជើងផងដែរ។

ភ្លាមៗ ជនសង្ស័យ បាននាំគ្នារត់គេចខ្លួនចូលក្នុងបុរីសែនមនោរម្យ ហើយ ត្រូវបានប្រជា ពលរដ្ឋនៅទីនោះជួយដេញតាមនិងព័ទ្ធចាប់ខ្លួនបានភ្លាមៗ រួចរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍កន្ទោកចុះទៅនាំខ្លួនទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕