លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានប្រកាសបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងស្វែងរកការបិទបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅខែមិថុនាខាងមុខនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកប្រធានាធិបតី ហ្សេលេនស្គី បានបន្តថា "អាមេរិកកំពុងស្នើឲ្យភាគីទាំងពីរ បិទបញ្ចប់សង្គ្រាមនៅដើមរដូវក្តៅនេះ  ហើយក៏ទំនងជានឹងដាក់សម្ពាធដើម្បីសម្រេចលើគោលដៅនេះ"។ លោក ហ្សេលេនស្គី បានបន្ថែមថា បច្ចុប្បន្ននេះ មានឯកសារចំនួន 4 ដែលនឹងបង្កើតជាមូលដ្ឋាននៃការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន បន្ទាប់ពីការបិទបញ្ចប់សង្រ្គាម ខណៈដែលឯកសារទាំងនោះ រួមមានកិច្ចព្រមព្រៀងធានាសន្តិសុខរវាងអ៊ុយក្រែន និងអាមេរិក កិច្ចព្រមព្រៀងស្តីពីការបង្កើតសម្ព័ន្ធភាពឆន្ទៈ ឯកសារស្តីពីការរំពឹងទុកសម្រាប់សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប និងឯកសារពាក់ពន្ធ័ផ្សេងទៀត។ ទាក់ទងនឹងបញ្ហាទឹកដី លោក ហ្សេលេនស្គី បានបញ្ជាក់ថា បញ្ហានេះ នឹងត្រូវដោះស្រាយដោយកិច្ចប្រជុំរវាងមេដឹកនាំទាំងបី គឺអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ហើយអ៊ុយក្រែន ក៏នឹងមិនគាំទ្រកិច្ចព្រមព្រៀងសន្តិភាពណាមួយដែល "រំលោភលើរដ្ឋធម្មនុញ្ញ និងច្បាប់របស់ប្រទេសអ៊ុយក្រែន" ឡើយ។