កំពង់ស្ពឺ៖ 

ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ បានស្លាប់នៅក្រោមរថយន្តភ្លាមៗនិងក្មេងស្រី អាយុ៣ឆ្នាំ ម្នាក់ទៀតបានរងរបួសត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរ ពេទ្យ ខណៈដែលក្មេងស្រីកំពុងនៅក្នុងតូបលក់ដូរ ហើយត្រូវបានរថយន្តបែនដឹកថ្ម បើកក្នុងល្បឿនលឿនបុករះក្រឡាប់សង្កត់តែម្តង។

ហេតុការណ៍រថយន្តបុកចូលតូបលក់ដូរផ្តាច់ជីវិតក្មេងស្រីម្នាក់ និងម្នាក់ទៀតរងរបួស បានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨០ ទៅលេខ៨១ ត្រង់ចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ 

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បាននិយាយឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានរថយន្ត១គ្រឿង ម៉ាកHINO ពណ៌ខៀវ ពាក់ផ្លាក លេខចង្កូតស្តាំPP-0995(ដឹកថ្ម) អ្នកបើកបរឈ្មោះ មិត្ត ភារុំ ភេទប្រុស អាយុ២៣ឆ្នាំ (រងរបួសស្រាល) រស់នៅក្នុងភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ  ។ 

លោកហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានបន្តថាបើតាមសាក្សីនៅកន្លែង កើតហេតុ រថយន្ដបែនដឹកថ្មខាងលើ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ពីទិសខាង កើតទៅទិសខាងលិច។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានគេច រថយន្តមួយគ្រឿងទៀង មិនស្គាល់ម៉ាកនិងអត្តសញ្ញាណអ្នកបើកបរ ដែលកំពុងបើកបរ ចេញពីផ្លូវលំ ពីទិសខាងត្បូងទៅទិសខាងជើង រួចឡើងផ្លូវជាតិលេខ៤៤ បានជ្រុលចង្កូតទៅបុកក្មេងចំនួន០២នាក់ កំពុងនៅក្នុងតូបលក់ដូរ។

ក្មេងរងគ្រោះទី១- មានឈ្មោះ សឿន ឧស្សា ភេទស្រី  អាយុ១២ឆ្នាំ (បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ)  និងទី២-ឈ្មោះ សឿន  អូនហ្វុង ភេទស្រី  អាយុ៣ឆ្នាំ (រងរបួសស្រាល )។

លោកអធិការនគរបាលស្រុកថ្ពង បានបញ្ជាក់ទៀតថា÷ដោយបានការបញ្ជាដឹកនាំផ្ទាល់ ពីលោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ បញ្ជាផ្ទាល់ឱ្យសមត្ថកិច្ចនគរបាល ស្រាវជ្រាវនិងឃាត់ខ្លួនអ្នកបើកបររថយន្ដដែលមានឈ្មោះ (មិត្ត ភារុំ) យកមកអធិការដ្ឋាននគរបាលស្រុកថ្ពង។ រីឯមធ្យោបាយរថយន្ត បញ្ជូនមករក្សាទុកជាបណ្ដោះ អាសន្ននៅប៉ុស្តិ៍នគររដ្ឋបាលឃុំអមលាំង នៃអធិការដ្ឋាននគរបាលស្រុកថ្ពង រង់ចាំកសាងសំណុំរឿង ចាត់ការបន្ត តាមផ្លូវច្បាប់៕