ភ្នំពេញ៖ 

ព្រោះតែមានវិបត្តិគ្រួសារ, នារីម្នាក់ សម្រេចបញ្ចប់ជីវិតខ្លួនឯងដោយលោតទឹកលើស្ពានជ្រោយចង្វារសម្លាប់ខ្លួន តែសំណាងចេះហែល ស្រែកឱ្យអ្នកជិតខាងជួយ ត្រូវបានប្រជានេសាទឃើញ ជួយស្រង់មកលើគោកបានដោយសុវត្ថិភាព។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងនាវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ដោយ ពួកគាត់ បានឃើញនារីរងគ្រោះឈរនៅលើស្ពានជ្រោយចង្វារតែម្នាក់ឯង។ ក្រោយមកក៏ទុកទូរស័ព្ទ១គ្រឿងនិងការបូបដៃ១ ហើយ ឡើងតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេបាត់តែម្តង។ ភ្លាមនោះដែរ ពួកគាត់បាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដើម្បីយកសម្ភារៈជនរងគ្រោះដូចជាមានទូរស័ព្ទ១គ្រឿងនិងកាបូបដៃ១ ទៅរក្សាទុកជាបណ្ដោះអាសន្ន ។

លុះប្រមាណជា២ម៉ោងក្រោយមក នារីរងគ្រោះ ត្រូវបានប្រជានេសាទជួយសង្រ្គោះទាន់ពេល ខណៈរូបនាងពេលដែលលោតចូលទៅក្នុងទន្លេ រូបនាងបានហែលហើយស្រែកឲ្យគេជួយ ក៏ប្រជានេសាទជួយទាន់ លើកដាក់ទូកយកមកលើគោកដោយសុវត្ថភាពតែម្តង ។

ក្រោយកើតហេតុ ប្រជានេសាទ បាននាំនារីរងគ្រោះដឹកតាមកង់បី មកប្រគល់ឲ្យសមត្ថកិច្ចនៅត្រង់ចំណុចគល់ស្ពានជ្រោយចង្វាខាងកើត ហើយ បានទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលនាងយកទៅផ្ទះវិញដោយសុវត្ថិភាព៕