អតីតលោកនាយករដ្ឋមន្ត្រីប្រទេសថៃ អាភីស៊ីត វេចាជីវ៉ា បានបង្ហាញមុខនៅតាមដងផ្លូវក្នុងទីក្រុងបាងកក ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោះ មុនការបោះឆ្នោតទូទៅដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី 8 ខែកុម្ភៈខាងមុខ។ លោក អាភីស៊ីត បានត្រលប់មកកាន់ជួរនយោបាយវិញ បន្ទាប់ពីបានបម្រើការជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃកាលពីឆ្នាំ 2008 ដល់ឆ្នាំ 2011 ដែលជំរុញឲ្យមានការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងចំណោមគណបក្សនយោបាយធំៗរបស់ប្រទេសថៃ គឺគណបក្សប្រជាធិបតេយ្យរបស់លោក គណបក្សភូមិជៃថៃដែលកំពុងកាន់អំណាច គណបក្សប្រជាជន និងគណបក្សភឿថៃ។ គណបក្សនយោបាយវ័យចំណាស់បំផុតរបស់ប្រទេសថៃ គឺគណបក្សប្រជាធិបតេយ្យនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងនៅតំបន់ភាគខាងត្បូង និងរដ្ឋធានីបាងកករបស់ប្រទេសថៃជាយូរមកហើយ មុនពេលបាត់បង់ប្រជាប្រិយភាព បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ 2014។ នៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ 2019 គណបក្សនេះ បានឈ្នះត្រឹមតែ 52 អាសនៈក្នុងចំណោម 500 អាសនៈប៉ុណ្ណោះ ដែលជំរុញឲ្យលោក អាភីស៊ីត បានដកខ្លួនចេញពីឆាកនយោបាយ ខណៈដែលជោគវាសនារបស់គណបក្សនេះ កាន់តែធ្លាក់សម្លេងយ៉ាងខ្លាំងនៅឆ្នាំ 2023 ដោយទទួលបានត្រឹមតែ 25 អាសនៈប៉ុណ្ណោះ។
