បន្ទាយមាមជ័យ៖
អគ្គិភ័យឆាបឆេះផ្ទះសំណាក់« ខេមរះ» ហើយ រាលដាលដល់ក្រុមហ៊ុន ផ្ញើអីវ៉ាន់កាពីតូល ឆេះស្ទើរតែទាំងស្រុង ដែលអគ្គិភ័យនេះ ឆាបឆេះនៅវេលាម៉ោង 9យប់ ថ្ងៃទី04 ខែកុម្ភៈ ឆ្នាំ 2026 តាមបណ្តោយផ្លូវជាតិលេខ5 ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពេលអគ្គិភ័យឆាបឆេះ ប្រជាពលរដ្ឋ អាជ្ញាធរ និងកងកម្លាំងទាំងបី រួមជាមួយក្រុមសង្រ្គោះក្រុងប៉ោយប៉ែត បានចុះមកធ្វើការអន្តរាគមន៍យករថយន្តពន្លត់អគ្គិភ័យ ប្រមាណ៦ទៅ ៧គ្រឿង ដែលប្រើប្រាស់ទឹកបាញ់ពន្លត់លើសពី១០រថយន្ត។
សមត្ថកិច្ចដែលពន្លត់អគ្គិភ័យ បានប្រាប់ឲ្យដឹងថា អគ្គិភ័យនេះ ដំបូងឡើយ ឆេះចេញពីផ្ទះសំណាក់«ខេមរះ» ផ្នែកខាងក្រោយ ដែលសង់អំពីឈើលើថ្មក្រោមប្រក់សង្កសី ឆេះយ៉ាងសន្ធោសន្ធៅ ហើយ រីករាលដាលបន្តទៅកាន់ក្រុមហ៊ុនកាពីតូល ដែលសង់ពីឈើលើថ្មក្រោម ដូចគ្នា ឆេះស្ទើរអស់ទាំងស្រុងតែម្តង ដែលសរុបមាន4ល្វែង។ អាជ្ញាធរ កងកម្លាំងទាំងបី រួមជាមួយប្រជាពលរដ្ឋនិងក្រុមសង្គ្រោះ បានវាយជញ្ជាំងបាញ់ទឹកខ្ពប់គ្រប់ច្រកល្ហក ប្រមាណជាងមួយម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
សមត្ថកិច្ចដដែល បានបញ្ជាក់ថា អគ្គិភ័យនេះ មិនទាន់ដឹងច្បាស់ពីទំហំនៃការខូចខាត ឲ្យពិតប្រាកដទេ តែឃើញឆេះជាក់ស្តែង ឆេះអីវ៉ាន់របស់ភ្ញៀវដែលបានផ្ញើនិងឆេះសម្ភារៈ ផ្សេងៗនៅផ្ទះសំណាក់ជាច្រើនទៀត ។ ទោះបីយ៉ាងណា សមត្ថកិច្ចមិនអាចប្រាប់ពីមូលហេតុបាននៅឡើយទេ ដោយកំពុងស្រាវជ្រាវឲ្យបានច្បាស់និងប្រាប់ជាក្រោយ៕
