ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភានៃកម្ពុជា និងជា ប្រធាន សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានផ្ដាំផ្ញើដល់ គ្រូបង្វឹក ពិសេសគ្រូទើបតែបញ្ចប់ វគ្គបណ្ដុះបណ្ដាលកម្រិត១ ត្រូវប្រើប្រាស់ និងចែករំលែកចំណេះដឹងឲ្យបានទូលំទូលាយ ដើម្បីផលិតបាននូវធនធាន កីឡាករ-កីឡាការិនី នៅទូទាំង រាជធានី-ខេត្ត សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសការត្រៀមធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជា។ ការផ្ដាំផ្ញើនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូបង្វឹកកីឡាទោចក្រយានកម្រិត១ ក្រោមគម្រោងថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ២០២៦ ក្រោយដំណើរការសិក្សាអស់រយៈពេល ៤ថ្ងៃ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ វគ្គនេះមានសិក្ខាកាម ២៥រូបចូលរួម និងបង្រៀនដោយ គ្រូឧទ្ទេស កាន់សញ្ញាបត្រអន្ដរជាតិ (កម្រិត៣) លោក យឿន ភីយុទ្ធ។

តាមរបាយការណ៍លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ បានឲ្យដឹងថា វគ្គនេះ រៀបចំឡើងស្របតាមផែនការ កសាងធនធានមនុស្សរបស់ សហព័ន្ធ ឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ។ ហេតុនេះ ទើបសហព័ន្ធរៀបចំវគ្គសិក្សាខ្លីនេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពធនធាន គ្រូបង្វឹកជាតិ និងធានាបាននូវការបង្វឹក កីឡាករ ក៏ដូចជាបញ្ជូន កីឡាករមកចូលរួមការប្រកួតឲ្យបានសមស្រប និងអនុឡោមទៅតាមស្តង់ដារបស់ស្ថាប័នអន្ដរជាតិ ជាពិសេស ការបណ្តុះបណ្តាលធនធានគ្រូបង្វឹក និង កីឡាករ តាមបណ្តា រាជធានី-ខេត្តតែម្ដង។

សម្រាប់លទ្ធផល នៃ វគ្គបណ្ដុះបណ្ដាលគ្រូកម្រិត១ លើកដំបូង បង្រៀនដោយ គ្រូឧទ្ទេសជនជាតិខ្មែរនេះ ត្រុវបានវាយតម្លៃក្នុងចំណោមសិក្ខាកាមចូលរួម គឺមានសិក្ខាកាមទទួលបាននិទ្ទេសល្អ ២០% និទ្ទេសល្អបង្គួរ ៥០% និងនិទ្ទេសមធ្យម ៣០%៕