ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍ប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ ដែលមានកីឡាករ កីឡាការិនី មកពី១៨ ប្រទេសជុំវិញពិភពលោកចូលរួមនឹងចាប់ផ្តើមពិធីបើកផ្លូវការចាប់ពី ថ្ងៃទី១០ ដល់ ថ្ងៃ១៣ ខែកុម្ភះ ឆ្នាំ២០២៦ នាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។



    ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលសន្និសីទក្នុងបរិវេទសណ្ឋាគារសុខា ក្រុងព្រះសីហនុ ឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការស្ដីទី បានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍ប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ នេះ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិធ្លាប់ប្រកាសបើកការប្រកួតម្ដងរួចមកហើយដោយគ្រោងធ្វើនៅថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ក៏ប៉ុន្តែព្រឹត្តការណ៍នេះ ត្រូវបានលើកពេលដោយសារបញ្ហាសង្គ្រាមឈ្លានពានពីសំណាក់ទាហានសៀមនៅតាមបណ្ដោយព្រំដែន។



    ឯកឧត្តមបន្តថា នេះជាលើកទី៦ហើយដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិរៀបចំការប្រកួតដណ្ដើមជើងឯកពិភពលោក ដោយមានការចូលរួមពីកីឡាករ កីឡាការិនីឆ្នើមៗមកពីប្រទេសដែលជាសមាជិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ។    ព្រឹត្តិការណ៍នេះរៀបចំឡើងក្រៅពីផ្សព្វផ្សាយ ការលើកស្ទួយគុនខ្មែរ មរតកវប្បធម៌ និងអត្តសញ្ញាជាតិខ្មែរលើឆាកអន្តរជាតិ រួមទាំងគោលដៅសំខាន់ៗមួយចំនួនទៀត វាក៏ជាឱកាសផ្សព្វផ្សាយពីគោលដៅទេសចរណ៍រឆ្នេរសមុទ្ររបស់កម្ពុជានៅខេត្តព្រះសីហនុទៅកាន់ពិភពលោកផងដែរ ៕ 

   ឯកឧត្តម ខូវ ឆាយ បានសង្កត់ធ្ងន់ថា គុនខ្មែរមានតម្លៃលើសពីការប្រកួតយកឈ្នះចាញ់នៅលើសង្វៀន ជាមរតកដែលបន្សល់ទុកពីដូនតាខ្មែររាប់ពាន់ឆ្នាំ ដែលយើងត្រូវតែរក្សាឱ្យបានគង់វង្ស អ្វីដែលពិសេសទៀតនោះ គុនខ្មែរ ជាអត្តសញ្ញាណដែលបង្ហាញពីភាពរឹងមាំ ភាពអង់អាចក្លាហាន និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

 ឯកឧត្តម ខូវ ឆាយ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ សហព័ន្ធសមាជិកអន្តរជាតិដៃគូ ឧបត្ថម្ភ និងអ្នកសារព័ត៌មាន ជាពិសេស កីឡាករ កីឡាការិនី និងគ្រូបង្វឹកដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះកើតមានឡើងដោយជោគជ័យ។



     សូមបញ្ជាក់ថា កីឡាករ-កីឡាការិនី មកចូលរួមការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ មានចំនួន ១២៣នាក់ (ប្រុស ៨១នាក់ ស្រី ៤២នាក់) មកពី ១៨ប្រទេសជុំវិញពិភពលោក និងត្រូវលេងលើ ៥០វិញ្ញាសា ក្នុងនោះរួមមាន៖ វិញ្ញាសាអាយុក្រោម ១៥ឆ្នាំ មាន ០២វិញ្ញាសា, វិញ្ញាសា Junior មានចំនួន ១៦វិញ្ញាសា (ប្រុសចំនួន ២១នាក់ និងស្រី ១៧នាក់), វិញ្ញាសា Senior Class B មានចំនួន ១៤វិញ្ញាសា (ប្រុសចំនួន ២៩នាក់ និងស្រី ១២នាក់), វិញ្ញាសា Senior Class A មានចំនួន ១៨វិញ្ញាសា (ប្រុសចំនួន ២៨នាក់ និងស្រី ១៣នាក់)៕