មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់បានព្រមានថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការទម្លាក់រដ្ឋាភិបាលរបស់លោក នឹងមិនទទួលបានជោគជ័យនោះទេ ខណៈដែលការព្រមាននេះ ធ្វើឡើងអំឡុងពេលដែលមន្ត្រីអាមេរិក និអីរ៉ង់ បានចាប់ផ្តើមកិច្ចចរចាដោយប្រយោលនៅក្នុងទីក្រុងហ្សឺណែវ ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែរ។ ថ្លែងក្នុងសុន្ទរកថា លោក អាលី ខាមីនី បានបញ្ជាក់ថា "លោកប្រធានាធិបតីអាមេរិកអួតថា កងទ័ពរបស់អាមេរិក គឺខ្លាំងបំផុតក្នុងពិភពលោក ប៉ុន្តែកងទ័ពខ្លាំងបំផុតនេះ ជួនកាលអាចរងការវាយប្រហារយ៉ាងខ្លាំងរហូតដល់មិនអាចងើបឈរបាន"។ ទន្ទឹមនឹងនេះ លោក ខាមីនី ក៏បានសង្កត់ធ្ងន់ថា ប្រភេទ និងចម្ងាយនៃគ្រាប់មីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ គឺជាការសម្រេចចិត្តសម្រាប់ប្រទេសជាតិ មិនមានអ្វីទាក់ទងនឹងសហរដ្ឋអាមេរិកនោះទេ។ គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក ដែលបានរួមដៃជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំមុននោះ បានដាក់ពង្រាយកងកម្លាំងយោធាទៅកាន់តំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា "ការផ្លាស់ប្តូររបប" នៅក្នុងប្រទេសអ៊ីរ៉ង់ អាចជារឿងដ៏ល្អបំផុតដែលអាចកើតឡើង។