កោះហ្គ្រីនឡែន នៅតែស្ថិតក្រោមការព្រួយបារម្ភពីសហគមន៍អន្តរជាតិ បើទោះបីភាពតានតឹង ត្រូវបានបន្ធូរបន្ថយ ជុំវិញវិបត្តិដែលបង្កឡើងដោយការចង់បានកោះនេះយកមកគ្រប់គ្រងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នោះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងអំឡុងពិធីបើកសម្ពោធស្ថានកុងស៊ុលដំបូងរបស់ប្រទេសកាណាដាក្នុងទីក្រុង នូក របស់កោះហ្គ្រីនឡែន រដ្ឋមន្ត្រីការបរទេសកោះហ្គ្រីនឡែន លោកស្រី វីវៀន ម៉ុតហ្វេល បាននិយាយថា ស្ថានភាពបច្ចុប្បន្ន បានវិវឌ្ឈន៍ទៅរកភាពប្រសើរឡើង បើប្រៀបធៀបទៅនឹងមួយខែមុន បន្ទាប់ពីការសន្ទនាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន។ ទន្ទឹមរដ្ឋមន្ត្រីការបរទេសប្រទេសដាណឺម៉ាក លោក ឡាស លូកឃេ រ៉ាសម៊ូសេន ក៏បាននិយាយថា ប្រទេសដាណឺម៉ាក បច្ចុប្បន្នកំពុងស្ថិតក្នុងជំហរល្អប្រសើរជាងមុន ទាក់ទងនឹងចេតនារបស់លោកប្រធានាធិបតី ត្រាំ ក្នុងការចង់កាន់កាប់កោះហ្គ្រីនឡែន ប៉ុន្តែក៏បានសង្កត់ធ្ងន់ថា វិបត្តិនេះ នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា បើទោះបីជាលោកប្រធានាធិបតី ត្រាំ បានសម្រេចលុបចោលការគំរាមកំហែងពន្ធលើប្រទេសអឺរ៉ុបចំនួន 8 ជុំវិញការជំទាស់របស់ពួកគេលើការចង់ដណ្តើមគ្រប់គ្រងកោះហ្រ្គីនលេននេះក៏ដោយ មន្ត្រីប្រទេសដាណឺម៉ាក និងហ្គ្រីនឡែន នៅតែលើកឡើងថា បញ្ហានៅមិនទាន់ត្រូវបានដោះស្រាយទាំងស្រុងនៅឡើយទេ។