ប្រទេសអ៊ីរ៉ង់ បដិសេដជាដាច់ខាត លើការចរចាជុំវិញកម្មវិធីគ្រាប់មីស៊ីល
រដ្ឋមន្ត្រីការបរទេសប្រទេសអ៊ីរ៉ង់ លោក សេយ៉េដ អាបាស អារ៉ាឃី បានបញ្ជាក់ថា កម្មវិធីគ្រាប់មីស៊ីលរបស់ខ្លួន គឺមិនអាចលើកមក «ចរចាបានជាដាច់ខាត» ជាមួយសហរដ្ឋអាមេរិក ហើយអ្វីដែលត្រូវផ្តោតសំខាន់នោះ គឺតែលើបញ្ហាកម្មវិធីនុយក្លេអ៊ែរតែប៉ុណ្ណោះ។ នេះ គឺជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសប្រទេសអីរ៉ង់ ខណៈដែលអាមេរិក បានអំពាវនាវឲ្យអ៊ីរ៉ង់ បញ្ឈប់កម្មវិធីគ្រាប់មីស៊ីលរបស់ខ្លួន ជាការទាមទារដែលទីក្រុងតេអេរ៉ង់ បានបដិសេធយ៉ាងដាច់អហង្ការនោះ។ លោក អារ៉ាឃី បានសង្កត់ធ្ងន់ថា កម្មវិធីគ្រាប់មីស៊ីល មិនអាចត្រូវលើកមកចរចាបាននោះទេ ព្រោះនេះ ជាបញ្ហាការពារជាតិ ហើយការវាយប្រហារកាលពីពេលកន្លងទៅរបស់អាមេរិក និងអ៊ីស្រាអែល បានបរាជ័យក្នុងការបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ។ អីរ៉ង់ មានសិទ្ធិ «ពេញលេញ» ក្នុងការបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅលើទឹកដីរបស់ខ្លួន។ ជាមួយគ្នានេះ ឆ្លើយតបទៅនឹងការវាយប្រហារដែលអាចកើតមានរបស់អាមេរិកនោះ លោក អារ៉ាឃី បាននិយាយថា បើទោះបីជាអ៊ីរ៉ង់ មិនអាចវាយប្រហារដោយផ្ទាល់លើទឹកដីអាមេរិកបានក៏ពិតមែន តែអីរ៉ង់អាចកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់។