សៀមរាប៖ 

‎ក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពកាប់ម៉ូតូរបស់ជនរងគ្រោះ និង បង្កអុកឡុក ពេញកណ្តាលក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលជំនាញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណី អំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (កាប់គូទំនាស់) និង ករណីអំពើលួចមានស្ថានទម្ងន់ ទោស ដោយប្រើហិង្សា (កាប់យកម៉ូតូ) ។  

ករណីក្មេងទំនើងជិះម៉ូតូ ដើរអុកឡុកពេញក្នុងក្រុងសៀមរាប ដ៏សកម្មដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ ធ្វើឡើងកាលពីវេលាម៉ោង ៥និង០០នាទីព្រឹកទាបភ្លឺថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ស្ថិតនៅចំណុច ស្ថានីយប្រេងឥន្ធនៈយីហោ Sokimex ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។   

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលជំនាញ បានឲ្យដឹងថា ដោយអនុវត្តតាមផែនការបង្ការនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់ឱ្យកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជាខេត្ត បានធ្វើ ការស្ទាក់ចាប់មុខសញ្ញាក្មេងទំនើងដ៏សកម្មមួយក្រុម មានគ្នា ៣ នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង រួចយកមកសាកសួរនាំ នៅស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ រួចរៀបចំកសាងសំណុំបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។  

‎ចំពោះវត្ថុតាងដកហូត រួមមាន៖ ដាវកែច្នៃ ចំនួន ១ដើម, ម្សៅក្រាមពណ៌ស (ប្រភេទគ្រឿងញៀន) ចំនួន ១កញ្ចប់តូច, ជំពាមកៅស៊ូ ចំនួន ១ និងគ្រាប់កង់ចំនួន ២៨គ្រាប់ ទូរស័ព្ទដៃចំនួន ៣គ្រឿង និងម៉ូតូ Honda Dream ពណ៌ ខ្មៅ ពុំមានផ្លាកលេខ ចំនួន ២គ្រឿង។ ជាមួយគ្នានេះ សមត្ថកិច្ច បានធ្វើតេស្តរកសារធាតុញៀន លើមុខសញ្ញាទាំង០៣ នាក់ខាងលើ ជាលទ្ធផល វិជ្ជមានទាំង០៣ នាក់ ៕