អ្នកនាំពាក្យក្រសួងការបរទេសប្រទេសអ៊ីរ៉ង់ លោក អែសម៉ាអីល បាហ្គាអីបានបញ្ជាក់ថា អ៊ីរ៉ង់ ពិតជាមានបំណងចង់បន្តផ្លូវការទូតដើម្បីដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរ និងបញ្ចប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប៉ុន្តែកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នឹងនៅតែបន្តប្រុងប្រយ័ត្នជានិច្ច។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក បាហ្គាអី បានបដិសេធពាក្យចចាមអារ៉ាមពីការឈានដល់លើកិច្ចព្រមព្រៀងបណ្ដោះអាសន្នលើកម្មវិធីនុយក្លេអ៊ែរ ដោយសង្កត់ធ្ងន់ថា ការចរចាណាមួយដែលមានគោលបំណងបង្ខំឲ្យភាគីម្ខាងទៀត ទទួលយកការទាមទាររបស់ភាគីម្ខាងទៀតដោយឯកតោភាគីនោះ គឺមិនទទួលបានជោគជ័យនោះទេ។ ឆ្លើយតបទៅនឹងការលើកឡើងនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា ប្រសិនបើអាមេរិក មិនទទួលបានកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ទេនោះ «វានឹងក្លាយជាថ្ងៃដ៏អាក្រក់មួយសម្រាប់ប្រទេសអីរ៉ង់ និងប្រជាជនរបស់ខ្លួន»។