លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោក បានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា នឹងថា ប្រទេសឥណ្ឌា ក៏បានយល់ព្រមឈប់ទិញប្រេងពីប្រទេសរុស្ស៊ី តែនឹងទិញប្រេងបន្ថែមពីអាមេរិក ឬប្រទេសវេណេស៊ូអេឡា។ នៅក្នុងសារបង្ហោះតាមប្រពន្ធ័ផ្សព្វផ្សាយសង្គម លោកប្រធានាធិបតី ត្រាំ បាននិយាយថា បន្ទាប់ពីការជជែកតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា ណារិនដ្រា ម៉ូឌី និងយល់លើមិត្តភាព និងសំណើរបស់លោក ម៉ូឌី យើងបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងឥណ្ឌា ដែលអាមេរិក នឹងគិតពន្ធទៅវិញទៅមក ឬពន្ធបដិការទាបជាងមុន ដោយបន្ថយពីអត្រា 25% មកត្រឹម 18% ហើយលោក ម៉ូឌី ក៏បានសន្យាថាទិញផលិតផលថាមពល បច្ចេកវិទ្យា កសិកម្ម និងផលិតផលផ្សេងៗទៀតរបស់អាមេរិក ដែលមានតម្លៃសរុបជាង 500 ពាន់លានដុល្លារផងដែរ។
