កំពង់ស្ពឺ៖ 

កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការឃាត់រថយន្តមួយគ្រឿងដឹកគ្រឿងសមុទ្រចំរុះ នាំចូលពីក្រៅប្រទេសគ្មានលិខិតអនុញ្ញាតិនិងគ្មានបញ្ជាក់គុណភាពសម្រាប់ការដឹកជញ្ជូនវេចខ្ចប់ខុសលក្ខណៈស្ដង់ដារ របស់ក្រសួង ។

លោកឧត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថាដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ ខ្ពស់ពីលោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ  នៅថ្ងៃទី៤ ខែកុម្ភៈ ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤ទៅលេខ១៥ ស្ថិតនៅក្នុងក្នុងភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្ដម ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការឃាត់រថយន្តមួយគ្រឿង(ប្រភេទតូរីស) ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-3775  ម្ចាស់បានរត់គេចខ្លួន បានដឹកគ្រឿងសមុទ្រចំរុះ ដែលនាំចូលមកពីក្រៅប្រទេសដែលគ្មានលិខិតអនុញ្ញាតិ និង គ្មានបញ្ជាក់គុណភាពសម្រាប់ការដឹកជញ្ជូនវេចខ្ចប់ខុសលក្ខណៈស្ដង់ដារ របស់ក្រសួង ដែលបានកំណត់។ 

លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការឃាត់រថយន្ដដឹកគ្រឿងសមុទ្រខាងលើ គឺដោយទទួលបានព័ត៌មានពីបណ្ដាញដែលផ្ដល់មកសមត្ថកិច្ចនគរបាលនិងដើម្បីថែរក្សាសុខមាលភាពចំណីអាហារប្រជាពលរដ្ឋកម្ពុជាលើការបរិភោគទិញទំនិញគ្មានគុណភាព នាំឱ្យប៉ះពាល់ដល់សុខភាព ងាយនឹងកើតជំងឺទៅថៃ្ងអនាគត។ ជាក់ស្ដែង សមត្ថកិច្ចនគរបាល បានធ្វើការចាប់យកនូវវត្ថុតាងរួមមាន ៖-រថយន្ត ០១ គ្រឿង -មឹកកក ចំនួន ០២ កេស -មឹកទឹក ចំនួន ១៩ កេស

-បង្គារ ចំនួន ០៤ កេស -ព្រុយត្រីសាលម៉ុន ចំនួន ០៤ កេស-ត្រីស្ពុង ចំនួន ០១ កេស

សរុប ចំនួន ៣០កេស ស្មើនិង ២,៥ តោន។ វត្ថុតាងជាទំនិញខាងលើ ត្រូវបានឯកឧត្ដមព្រះរាជអាជ្ញាសម្រេចឲ្យសហការជាមួយជំនាញសាខា ក.ប.ប ខេត្តកំពង់ស្ពឺ និងជំនាញជលផល ដើម្បីធ្វើការបំផ្លាញចោលនៅរសៀលថៃ្ងទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នៅទីលានចាក់សំរាមតាម៉ុល ច្បារមន ខេត្ដកំពង់ស្ពឺ ។ 

លោកស្នងការរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ទៀតថាជាការសំណូមពរដល់អាជីវករទាំងអស់ មេត្ដាបញ្ឍប់ការនាំចូលនូវទំនិញមិនស្របតាមស្ដង់ដារនិងមិនមានប្រភពដើមច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕