យោងតាមរូបភាពពីផ្កាយរណប កងកម្លាំងអាមេរិកនៅមូលដ្ឋានទ័ព អាល់ យូឌេត របស់ប្រទេសកាតា ដែលជាមូលដ្ឋានទ័ពធំបំផុតរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា បានដាក់ពង្រាយប្រពន្ធ័គ្រាប់បាញ់មីស៊ីល ស្របពេលដែលភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់ កើនឡើង។ ការសម្រេចដាក់ពង្រាយប្រពន្ធ័គ្រាប់មីស៊ីល ផេត្រត់ នេះ មានន័យថា អាមេរិក អាចបើកការវាយប្រហារ ឬផ្លាស់ទីតាំង ក្នុងករណីមានការវាយប្រហារពីប្រទេសអ៊ីរ៉ង់។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានគំរាមវាយប្រហារលើអ៊ីរ៉ង់សារជាថ្មី ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ប្រទេសនេះ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយរវាងមន្ត្រីអាមេរិក និងអីរ៉ង់ ត្រូវបានឈានដល់ទេនោះ។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយកាលពីថ្ងៃពុធ ទី11 ខែកុម្ភៈ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកគិតថា ប្រទេសអ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ខ្លួន តែវានឹងជា "រឿងមួយដ៏ល្ងង់បំផុត" ប្រសិនបើអីរ៉ង់មិនយល់ព្រមនោះ។ គួរបញ្ជាក់ផងដែរថា ក្រៅពីមូលដ្ឋានទ័ពក្នុងប្រទេសកាតា អាមេរិក ក៏មានមូលដ្ឋានទ័ពនៅប្រទេសអ៊ីរ៉ាក់ ហ្ស៊កដានី គុយវ៉ែត អារ៉ាប៊ីសាអូឌីត បារ៉ែន អារ៉ាប់រួម អូម៉ង់ តួរគី និងនៅលើកោះឌីអេហ្គោ ហ្គាស៊ីយ៉ា ក្នុងមហាសមុទ្រឥណ្ឌាផងដែរ។
