ព្រះរាជអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិបាននិយាយថា អតីតប្រធានាធិបតីប្រទេសហ្វីលីពីន រូឌ្រីហ្គូ ឌូទឺទេ គឺជា "មនុស្សសំខាន់" នៅពីក្រោយការសម្លាប់មនុស្សរាប់ពាន់នាក់ អំឡុងពេលនៃការកាន់អំណាចរបស់លោក។ ព្រះរាជអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ បានចោទប្រកាន់លោក ឌូទឺទេ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិចំនួន 3 ករណី ជុំវិញការបង្ក្រាបរបស់លោកលើអ្នកប្រើប្រាស់គ្រឿងញៀន និងឧក្រិដ្ឋជន ខណៈដែលព្រះរាជអាជ្ញាបានទាមទារឲ្យ "លោក ឌូទឺទេ ទទួលខុសត្រូវនៅមុខតុលាការ"។ យោងតាមច្បាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចៅក្រមនឹងត្រូវបញ្ជាក់ការចោទប្រកាន់មុនពេលសំណុំរឿងរបស់លោក ត្រូវបានកាត់ក្តី ស្របពេលដែលមេធាវីរបស់លោក ឌូទឺទេ គឺលោក នីកូឡាស ខាហ្វមែន បាននិយាយថា ការចោទប្រកាន់ទាំងនេះ ត្រូវបានជំរុញដោយរឿងនយោបាយតែប៉ុណ្ណោះ។ លោក ឌូទឺទេ បានបម្រើការជាប្រធានាធិបតីប្រទេសហ្វីលីពីនកាលពីឆ្នាំ 2016 ដល់ឆ្នាំ 2022 ហើយត្រូវបានចាប់ខ្លួន និងនាំខ្លួនទៅកាន់តុលាការក្រុងឡាអេកាលពីខែមីនាឆ្នាំមុន។