ភ្នំពេញ៖
យុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាម ៗ ក្រោយពេលជិះម៉ូតូមកផ្លូវត្រង់ស្របពេលមានរថយន្តLexus RX450h មួយគ្រឿង បើកដោយជនជាតិចិនឆ្លងទាំងបញ្រ្ចាសផ្លូវជ្រុលទៅបុកពេញទំហឹងប៉ើងលើចិញ្ចើមផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨:៣០ នាទីយប់ថ្ងៃទី០៥ខែកុម្ភះ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងគ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រទិសដៅពីជើងទៅត្បូង។ លុះពេលជិះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញ មានរថយន្តបង្កម៉ាក Lexus RX450h ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AF-3139 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរចេញពីការ៉ាស់សាំងមួយកន្លែង រួចឆ្លងទាំងបញ្រ្ចាសផ្លូវទិសដៅពីកើតទៅលិច ក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងប៉ើងលើចិញ្ចើមផ្លូវ បណ្តាលឲ្យយុវជនម្ចាស់ម៉ូតូ រងរបួសធ្ងន់ បញ្ជូនតាមរថយន្តសាមុយដឹកទៅសង្គ្រោះភ្លាមៗ ចំណែកអ្នកបើកបរនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ ដោយភាគីសងខាងសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចជំនាញចុះមកធ្វើការ វាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុកជាបណ្យោះអាសន្នរងចាំការដោះស្រាយគ្នា នៅពេលក្រោយ៕
