ភ្នំពេញ ៖ 

គំនរអេតចាយមួយកន្លែងដែលភាគច្រើនជាគ្រឿងជ័រ ត្រូវបានភ្លើងឆាបឆេះ សន្ធោសន្ធៅ និង ផ្សែងហុយឡើងលើយ៉ាងឃ្មួលខ្មាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង ហើយ ម្ចាស់អេតចាយ បានយកគ្រឿងចក្រអេស្កាវ៉ាទ័រកាយអេតចាយផ្ដាច់ ចេញពីគ្នានិងកាយដីលុបភ្លើងដើម្បីពន្លត់ដោយរារាំងរថយន្តពន្លត់អគ្គិភ័យ ទៅអន្តរាគមន៍ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២៦ នៅកន្លែងស្តុកអេតចាយ នៅលើដីទំនេរមួយកន្លែង ស្ថិតនៅក្នុងភូមិ ត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមព័ត៌មាន បានអោយដឹងថា នៅមុនពេលកើតហេតុ មានក្មេងៗលេងភ្លើងនៅទីនោះ ហើយ ក្រោយមក ក៏ស្រាប់តែមានភ្លើងឆេះអេតចាយសន្ធោសន្ធៅ ហុយផ្សែងខ្មៅឃ្មួល ខ្មាញ់ឡើងអាកាស ដែលសង្ស័យថាក្មេងៗទាំងនោះដុតលេង ។ 

បន្ទាប់ពីមានហេតុការណ៍នេះ ម្ចាស់អេតចាយ បានយកទុយោបាញ់ទឹកពន្លត់ ព្រមទាំងយកគ្រឿងចក្រអេស្កាវ៉ាទ័រកាយផ្ដាច់គំនរអេតចាយចេញពីគ្នា និងកាយដីលុបភ្លើងដើម្បី ពន្លត់។ នៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យ១គ្រឿង បានទៅអន្តរាគមន៍ ហើយ ត្រូវម្ចាស់រារាំងមិនអោយបាញ់និងប្រើពាក្យមិនសមរម្យមកលើសមត្ថកិច្ចតែក្រោយមកលោកចៅសង្កាត់ទៅសម្រួលទើបបានបាញ់ពន្លត់។ទោះបីជាយ៉ាងណាម្ចាស់ ត្រូវបានសមត្ថកិច្ចហៅទៅធ្វើកិច្ចសន្យាអប់រំផងដែរ៕