ស្វាយរៀង៖ 

ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានប្រទះឃើញសាកសព មានសភាពរុំដោយថង់ប្លាស្ទីក ពណ៌ខ្មៅ ត្រូវបានគេយកមកប្លុងចោលនៅលើផ្លូវលំ ស្ថិតក្នុងភូមិ បាវិតលើ សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។ 

ក្រោយពីទទួលព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ   វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញ បានចុះធ្វើការស្រាវជ្រាវជិត២ម៉ោង។ ក្រោយមក ក៏បានធ្វើការកំណត់ទីតាំងនិងឈានទៅដល់ការបង្រ្កាបបានមុខសញ្ញាដែលដឹកសពទៅទម្លាក់ចោល ជាមួយមធ្យោបាយរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ស្លាកលេខភ្នំពេញ 2BF-5705 នៅទីតាំងផ្ទះវីឡាមួយកន្លែង។

ក្រោយពីក្តាប់បានមុខសញ្ញាហើយនោះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឆែកឆេរវីឡាមួយកន្លែងនោះ ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក៏បានរកឃើញបុគ្គលសង្ស័យពាក់ពន្ធ័ករណីឆបោកតាមប្រព័ន្ធអនឡាញចំនួន២៦នាក់ (ស្រី១នាក់) ជនជាតិចិននិងវត្ថុតាងកុំព្យូទ័រចំនួន៨គ្រឿង ដែលមានសញ្ញាណបទល្មើសខាងលើ យកមកសាកសួរ និង បន្តនីតិវិធីទៅតាមផ្លូវច្បាប់៕