លោកស្រី សាណេ តាកាអ៊ីឆី ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីផ្លូវការរបស់ប្រទេសជប៉ុនជាថ្មីម្តងទៀត ដោយព្រះចៅអធិរាជ ណារ៉ូហីតុ កាលពីថ្ងៃពុធ ទី18 ខែកុម្ភៈ ពោល គឺរយៈពេល 10 ថ្ងៃបន្ទាប់ពីការបោះឆ្នោត ដែលគណបក្សប្រជាធិបតេយ្យសេរីរបស់លោកស្រី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនោះ។ លោកស្រី តាកាអ៊ីឆី ទទួលបានសម្លេងឆ្នោតចំនួន 354 ក្នុងចំណោម 464 សម្លេង ខណៈដែលសម្ព័ន្ធភាពគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យសេរីរបស់លោកស្រី និងគណបក្សនវានុវត្តន៍ជប៉ុន បច្ចុប្បន្នកាន់កាប់អាសនៈចំនួន 352 នៅក្នុងសភាជាន់ទាប។ រដ្ឋមន្ត្រីទាំងអស់ដែលជាសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកស្រី តាកាអ៊ីឆី ក៏ត្រូវបានតែងតាំងតំណែងរបស់ពួកគេឡើងវិញ រួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន គឺលោក ស៊ីនជីរូ កូអ៊ីហ្ស៊ូម៊ី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សាត់សូគី កាតាយ៉ាម៉ា។
