ភាពយន្តស្នេហាយុវវ័យរឿង សែនឆ្ងាយ ក្បែរអ្នក ដែលជាស្នាដៃផលិតរបស់ ផលិតកម្ម ថាយនី ហ្វីម៍ (Tiny Film) សហការជាមួយ Westic Media Limited បានកំពុងអង្រួនចិត្តអ្នកទស្សនា ជាមួយនឹងវីដេអូសាច់រឿងខ្លី ក្នុងរយៈពេល 1 នាទី និង 52 វិនាទី តាមរយៈការបង្ហោះផ្សាយលើបណ្តាញសង្គមរបស់ខ្លយន ដែលធ្វើឱ្យបងប្អូនប្រិយមិត្តជេនស៊ី ជាច្រើន មានការចង់ទៅទស្សនានៅរោងកុនជាខ្លាំង។

រឿង "សែនឆ្ងាយ ក្បែរអ្នក ឬ Far Away Close to You" ដែលត្រូវបាននិពន្ធឡើងដោយ ភួង វណ្ណនេត និង មុនីកណ្ណដារ៉ុង នឹងបរិយាយឱ្យទស្សនិកជនបានឃើញអំពីតួអង្គ សោតា ជាយុវតី អាយុ១៧ឆ្នាំមកពីទីក្រុងភ្នំពេញ ត្រូវបានបញ្ជូនទៅទីជនបទដើម្បីរៀនបញ្ចប់ថ្នាក់វិទ្យាល័យ។ នាងមានបញ្ហាជាច្រើនក្នុងការសម្របខ្លួន បន្ទាប់មកនាងបានជួបកំលោះ វិភូ។

ទោះបី វិភូ ជាមនុស្សស្ងៀមស្ងាត់ មិនសូវមានមិត្ត តែ ជាមនុស្សចិត្តល្អ និងមានការតាំងចិត្តក្នុងការលើកស្ទួយសហគមន៍របស់គេ។ ក្រោយមកពួកគេបានបង្កើតចំណងមួយដែលនឹកស្មានមិនដល់។

ប៉ុន្តែនៅពេលដែលជិតបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ខិតជិតមកដល់ ហើយផ្លូវដើររបស់ពួកគេទាំងពីរត្រូវបានចែកគ្នា គោលដៅ និងកាលៈទេសៈចាប់ផ្តើមទាញពួកគេឱ្យឃ្លាតឆ្ងាយពីគ្នា។

ទោះបីជាគម្លាតបានបំបែកពួកគេ តើរឿងរបស់ពួកគេពិតជាបានបញ្ចប់ ឬគ្រាន់តែចាំការចាប់ផ្តើមឡើងវិញ?ការជួបគ្នាដោយចៃដន្យមួយនេះ បានកែប្រែជីវិតគេទាំងពីរទៅជាបែបណានោះ កុំភ្លេចទៅស្រាយចម្ងល់ទាំងអស់គ្នានៅរោងភាពយន្ត នាថ្ងៃទី ១២ កុម្ភៈ នេះ។