កំពង់ស្ពឺ៖ 

ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សស្រី-ប្រុសចំនួន៦នាក់បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនិងព្យាបាលភ្លាមៗ ខណៈដែលរថយន្តស៊េរីទំនើបម៉ាក TOYOTA Land Cruiser បើកលឿនជ្រុលទៅបុករនាំងអមផ្លូវល្បឿនលឿនពេញទំហឹង បណ្តាលឱ្យឆេះសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់។

ហេតុការណ៍រថយន្តស៊េរីទំនើប Land Cruiser បើកលឿនជ្រុលទៅបុករនាំងពុះទ្រូងផ្លូវល្បឿនលឿនពេញទំហឹងបណ្តាលឱ្យឆេះស្លាប់និងរបួសមនុស្សនេះ បានកើតឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចKm34+300 តាមបណ្ដោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥ ស្ថិតនៅក្នុងភូមិអពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចក្រុងច្បារមន បាននិយាយឱ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបម៉ាក TOYOTA Land Cruiser ព៌ណស បានធ្វើដំណើរតាមបណ្តោយផ្លូវល្បឿនលឿនពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត (ក្រុងព្រះសីហនុ-ភ្នំពេញ)។

លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានរេចង្កូតជ្រុលទៅបុករនាំងអមផ្លូវ ហើយត្រូវបានឆាបឆេះ បណ្តាលឲ្យស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សចំនួន៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងនោះ (មានស្រីចំនួន៤នាក់) មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។

សមត្ថកិច្ចក្រុងច្បារមនបានបន្តថា ក្រោយកើតហេតុនគរបាលជំនាញ និងក្រុមហ៊ុនផ្លូវល្បឿនលឿនបានយករថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ពន្លត់ រថយន្តរងការខូចខាតទាំងស្រុងអស់ទៅហើយ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕