ភ្នំពេញ៖
បុរសម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូត្រូវរថយន្តបង្កម៉ាក Mazda មួយគ្រឿងមិនចាំស្លាកលេខ បើកមកបុកកពេញទំហឹង រួចបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២:២៥នាទី រំលង អធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ កម្ពុជាក្រោម កែងផ្លូវ ២៦១ សង្កាត់ ទឹកល្អក់ ទី១ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 1JP-5106 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ ទិសដៅពីត្បូងទៅជើង ។
លុះពេលជិះមកដល់ផ្លូវបំបែក ស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក Mazda មិនចាំស្លាកលេខមួយគ្រឿង ធ្វើដំណើរចេញពីផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូផ្នែកចំហៀងខាងក្រោយយ៉ាងពេញទំហឹងប៉ើងទៅចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសជាម្ចាស់ម៉ុតូបាក់កស្លាប់ភ្លាមៗនៅនិងកន្លែងភ្លាមៗចំណែករថយន្តបង្កបើកគេចខ្លួន បាត់ស្រមោល។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ខណ្ឌទួលគោក ចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯរថយន្តបង្ក សមត្ថកិច្ចនិងធ្វើការស្រាវជ្រាវនៅពេលដើម្បីឃាត់យកមកចាត់ការ តាមនិតិវិធីច្បាប់៕
