ភ្នំពេញ៖
ជនជាតិបរទេសប្រមាណជាង ២០០០នាក់ត្រូវបាន កម្លាំងនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិឃាត់ខ្លួន នៅក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)កាលពីព្រឹកថ្ងៃទី ៣១ ខែមករាឆ្នាំ២០២៦ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រតិបត្តិការនេះមានការ សហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ទទួលដឹកនាំអនុវត្តដោយលោក ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នៃអគ្គ ស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២០៤៤នាក់ ក្នុងនោះ ជនជាតិចិន១៧៩២នាក់, វៀតណាម១៧៧នាក់ ,មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់, ចិនតៃវ៉ាន់៥នាក់ ,ម៉ាឡេស៊ី១នាក់, ឡាវ២នាក់ ,ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១ នាក់ ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ក្នុងន័យដើមថា លទ្ធផល នៃកិច្ចប្រតិបត្តិការនេះ គឺជាការបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិ ថារាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលក្នុងនោះ ក៏មានក្រសួងមហាផ្ទៃ ជាសេនាធិការស្នូល គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន មានឱកាស ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scames) ជាដាច់ខាត បើទោះបីជាពេលនេះ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានកំពុងរ៉ាប់រងបន្ទុកដោះស្រាយ ផលប៉ះពាល់បង្កឡើងដោយអំពើឈ្លានពានពីប្រទេសជិតខាងក៏ដោយ
គួរកត់សម្គាល់ថា ឈរលើមរតកនៃនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធាន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអនុប្រធានមួយរូបនៃគណៈកម្មការនេះ ខណៈ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ស្ថិតក្នុងចំណោម សមាជិកគណៈកម្មការផងដែរ។
តាមរយៈយន្តការថ្មីបន្ថែមទៀតនេះ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន ៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើត ចំនួន ២.៧២២នាក់។ ឈានចូលខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា ក៏បានចាប់ខ្លួនមេខ្លោងដ៏ធំមួយដែលប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឈ្មោះ ចេន ហ្ស៊ី រួមទាំងបក្សពួក បញ្ជូនទៅប្រទេសចិន បន្ទាប់ពីបាន ស៊ើបអង្កេតជាច្រើនខែ៕
