ភ្នំពេញ៖ នៅជំនួបលីគកំពូលកម្ពុជាសប្តាហ៍ទី១៩ ចុងសប្តាហ៍កន្លងទៅ ព្រះខ័នរាជស្វាយរៀង បានបន្តជ័យជម្នះរបស់ខ្លួនតាមរយៈការយកឈ្នះកងយោធពលខេមរភូមិន្ទ ៦ ទល់និង ៣ នៅកីឡដ្ឋានមរតតេជោរបស់ស្វាយរៀង ស្របពេល ភ្នំពេញក្រោន យកបាន៣ពិន្ទុពីអាយ អេស អាយ ដង្កោសែនជ័យ ក្នុងលទ្ធផល ១ទល់និង០។តាមរយៈលទ្ធផលនេះ បានជួយក្រុមការពារតំណែងជើងឯករក្សាកំពូលតារាង ដោយកើនដល់៤២ពិន្ទុ ឯភ្នំពេញក្រោននៅលេខ២ មាន៤០ពិន្ទុ។ ដោយមានពិន្ទុនាំមុខក្រុមលេខ៦ដាច់ ស្របពេលការប្រកួតជុំទី២ សល់៣លើក ក្រុមទាំងពីរនេះ បានកក់កៅអីទៅដំណាក់កាលទី២ ក្នុងនាមក្រុមទាំង៦ល្អជាងគេ។
ក្រុមបឹងកេត បានយកឈ្នះលើគិរីវង់សុខសែនជ័យ ២ទល់និង០ កើន៣១ពិន្ទុ ពីការប្រកួត១៨លើក ស្ថិតនៅចំណាត់ថ្នាក់លេខ៣ នាំមុខណាហ្គាវើលដ៍ ដែលឈរនៅលេខ៤ និងទើបប្រកួតបានចំនួន១៧លើក មានចំនួន២៩ពិន្ទុ។
ក្លិបបាល់ទាត់វិសាខា បានឡើងទៅចំណាត់ថ្នាក់ទី៥ មាន២៨ពិន្ទុពីការប្រកួត១៨លើក ក្រោយ ឈ្នះអង្គរថាយហ្គឺរ ដែលធ្លាក់ទៅលេខ៦វិញ ក្នុងលទ្ធផល ៣ទល់និង២។ ហើយក្រុមអង្គរថាយហ្គឺរ ដែលទើបប្រកួត១៧លើក មាន២៧ពិន្ទុ ស្មើក្រុមលេខ៧ អឹម អូ អាយ កំពង់ដេវ៉ា។ ហើយនៅជំនួបលើកទី១៨ កំពង់ដេវ៉ា ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ១ទល់និង០។ក្រៅពីស្វាយរៀង និងភ្នំពេញក្រោន ដែលកក់កៅអីរួចស្រេច ៥ក្រុមទៀត រួមមាន បឹងកេត ណាហ្គាវើលដ៍ វិសាខា អង្គរថាយហ្គឺរ និងអឹម អូ អាយ កំពង់ដេវ៉ា ត្រូវប្រជែងគ្នាយកខ្លាំង នៅ៣ប្រកួតចុងក្រោយ នៅជុំទី២ សម្រាប់តំណែង Top 6 ដែលតម្រូវយកចំនួន៤ក្រុមបន្ត។
ចំណែកក្រុមកងយោធពលខេមរភូមិន្ទ គិរីវង់សុខសែនជ័យ ឡាយហ្វខេត្តព្រះសីហនុ និង អាយអេសអាយ ដង្កោសែនជ័យ បានអស់ឱកាសប្រជែងTop6 នៅដំណាក់កាលទី២ សម្រាប់រដូវកាល ២០២៥-២៦ ហើយ៕





