ការវិធីប្រកួតបាល់ទាត់សប្បុរសធម៌រវាងក្រុម Vlogger All Stars និងក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បានបញ្ចប់ទៅដោយជោគជ័យលើសការរំពឹងទុក។

ក្រុម Vlogger all stars ដែលដឹកនាំដោយលោក ហួត គឹមងួន ហៅ ដូរី និងមានលោក ផាន់ រ៉ុង ជាប្រធានក្រុម បានឲ្យដឹងថា ក្រុមរបស់លោកបានសហការគ្នាជាមួយក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព រៀបចំការប្រកួតមិត្តភាពដើម្បីប្រមូលស្បៀងជួយដល់វីរកងទ័ព និងវីរនគរការពារព្រំដែននៅជួរមុខក្រោមប្រធានបទ “ជួរក្រោយគាំទ្រជួរមុខ” កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ អូឡាំពិករាជធានីភ្នពេញ ខណៈក្រុមបាល់ទាត់សម្ព័នយុវជនស្រឡាញ់សន្តិភាព ដឹកនាំដោយ ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចធិបតិ ហ៊ុន ម៉ាណែត និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។      លោកបានឲ្យដឹងទៀតថា ការប្រកួតនេះមិនត្រឹមតែដើម្បីប្រមែប្រមូលស្បៀងយកទៅជួរមុខទេ ប៉ុន្តែក៏ជាការបង្កើនចំណងមិត្តភាពរវាងក្រុមយុវជនសង្គមដូចជាក្រុម Vlogger All Stars និងក្រុមសម្ព័ន្ធយុវជនស្រឡាញ៉សន្តិភាពដែលភាគច្រើនគឺជាមន្ត្រីរាជការ។ ក្រៅពីនេះ វាក៏ជាចំណែកមួយ នៃការបំផុសស្មារតីយុវជនឲ្យងាកមកលេងកីឡាដើម្បីសុខភាព និងជៀសឆ្ងាយពីអំពើអបាយមុខនានាដែលសង្គមស្អប់ខ្ពើម ហើយវាក៏ជួយដល់សុខភាពរបស់សមាជិក នៃក្រុមទាំង ២ ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុម Vloggers All Stars តែងតែសកម្មយ៉ាងខ្លាំងក្នុងការកៀងគោប្រមូលមូលនិធិ ក៏ដូចជាស្បៀងអាហារយ៉ាងច្រើនបានចាប់តាំងពីប្រទេសជាតិរបស់យើងត្រូវបានឈ្លានពានដោយប្រទេសជិតខាង ហើយក្រុមបាល់ទាត់មួយនេះនៅតែប្តេជ្ញាបន្តសកម្មភាពសប្បុរសធម៌តាមរយៈវិស័យកីឡានេះទៅមុខទៀតដោយមិនរាថយឡើយ៕