ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវដល់កីឡាករ កីឡាការិនីឱ្យចូលរួមរត់ប្រណាំងអន្តរជាតិនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរបរិយាកាសដ៏ស្រស់ស្រាយ នៅតំបន់ឆ្នេរសមទ្រកម្ពុជាដ៏ស្រស់ស្អាត។

ការអំពាវនាវរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការ NOCC កាលពីល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា គិតត្រឹមល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ អ្នកចុះឈ្មោះជាតិ-អន្តរជាតិបានប្រមាណ ២០០០នាក់ហើយ ក្នុងនោះអ្នករត់ខ្មែរជាង ១៧០០នាក់ និងបរទេសជាង ៣០០នាក់ ខណៈក្តីរំពឹងថានឹងអាចមានអ្នកបន្តចុះឈ្មោះចូលរួមជិតដល់ថ្ងៃព្រឹត្តិការណ៍អាចនឹងកើនឡើងដល់ជាង ២៥០០នាក់។ ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវដល់កីឡាករ កីឡាការិនីរត់ប្រណាំងនានា ដែលធ្លាប់ចូលរួមរត់ប្រណាំងនៅព្រឹត្តិការណ៍ផ្សេង ទីតាំងផ្សេងៗសូមអញ្ជើញចុះឈ្មោះឱ្យបានទាន់ពេលវេលា ទៅទទួលយកនូវការរត់ប្រណាំងនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតទាក់ទាញ ដើម្បីផ្លាស់ប្តូរអារម្មណ៍នៃបរិយាកាសដ៏ស្រស់ស្រាយ នាព្រឹកថ្ងៃទី២២ ខែមីនា ឆាប់ៗខាងមុខនេះឱ្យបានច្រើនកុះករ។

អគ្គលេខាធិការ NOCC បន្ថែមថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១១ ឆ្នាំ២០២៦ ដែលគ្រោងនឹងធ្វើឡើងនាព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នៅខេត្តព្រះសីហនុ ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដែលឱ្យយើងអភិវឌ្ឍវិស័យកីឡាទេសចរណ៍ កីឡាមហាជន នៅតំបន់ឆ្នេរសមុទ្រសក្តានុពលដ៏ស្រស់ស្អាតនៅខេត្តមួយនេះ ដែលជាសមាជិកឆ្នេរស្អាតជាងគេនៅលើពិភពលោក។ ព្រឹត្តិការណ៍កីឡារត់ប្រណាំងនេះត្រូវរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធជំនាញ ដោយមានការចូលរួមត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងទទួលស្គាល់ ព្រមទាំងជួយផ្សព្វផ្សាយទៅកាន់ពិភពលោកដោយគណៈកម្មការម៉ារ៉ាតុងអន្តរជាតិផងដែរ។

ចំពោះគោលបំណងសំខាន់ៗនៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុនេះត្រូវបានឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ទី១.ការរៀបចំផ្លូវរត់នៅតំបន់ឆ្នេរសមុទ្រដ៏ស្អស់ស្អាតជាងគេ និងវែងជាងគេ ដោយយើងមានមោទនភាពនោះគឺមានលក្ខណៈពិសេសសម្រាប់កម្ពុជា ហើយបន្តចូលរួមថែរក្សាការពារបរិស្ថានតាមតំបន់ឆ្នេរ ដែលជាសមាជិកឆ្នេរស្អាតជាងគេនៅលើពិភពលោក។ ទី២.បន្តការរៀបចំទិវារត់ប្រណាំងអន្តរជាតិនេះដើម្បីគោលដៅសប្បុរសធម៌ដដែល ដោយការទទួលភាគផលពីការចុះឈ្មោះចូលរួមរបស់កីឡាករ កីឡាការិនីជាតិ-អន្តរជាតិ និងដៃគូឧបតម្ថម្ភនឹងបរិច្ចាគទៅកាន់ផ្នែកសប្បុរសធម៌ ខណៈចំណុចសំខាន់ទី៣ នៅតែបន្តរួមចំណែកជួយជ្រោមជ្រែងដល់ការថែរក្សាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យកីឡារត់ប្រណាំងនេះ។
ឯកឧត្តមគូសបញ្ជាក់ថា ការរៀបចំទិវារត់ប្រណាំងអន្តរជាតិ នៅខេត្តព្រះសីហនុនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរខេត្ត ជាពិសេសឯកឧត្តមអភិបាលខេត្តព្រះសីហនុតែម្តង ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ផ្តល់ទំនុកចិត្តយ៉ាងកក់ក្តៅជាទីបំផុត ដើម្បីជំរុញឱ្យទិវារត់ប្រណាំងដ៏ធំប្រចាំឆ្នាំមួយនេះមានភាពរលូន សុវត្ថិភាពផ្លូវរត់សម្រាប់អ្នករត់ទាំងអស ក៏ដូចជាព្រឹត្តិការណ៍ទាំងមូលផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបង្ហាញមហិច្ឆតាក្នុងការរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ដែលមានវិញ្ញាសាគោល ២១គីឡូម៉ែត្រទៅជាទិវាម៉ារ៉ាតុង ចម្ងាយរត់ ៤២គីឡូម៉ែត្រ នាថ្ងៃអនាគតផងដែរ។
ជាមួយគ្នានេះ លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិនៅកម្ពុជាបានជម្រាបជូនដែរថា សម្រាប់តម្រាយផ្លូវរត់ឆ្នាំនេះបានត្រូវកែសម្រួលកាន់តែប្រសើរបន្ថែមទៀត ដោយផ្តល់ឱកាសឱ្យអ្នករត់ទាំងអស់បានរត់នៅតាមផ្លូវស្របតាមតំបន់ឆ្នេរកាន់តែច្រើន។ ចំពោះទីតាំងចេញដំណើរ និងដល់ទីគ្រោងធ្វើឡើងនៅតំបន់អូរឆើទាលដដែល។ សម្រាប់ការវាស់វែងតម្រាយផ្លូវរត់ត្រូវបាន World Marathon បញ្ជូនអ្នកជំនាញចុះមកវាស់វែងយ៉ាងលម្អិត ដោយយើងមិនអាចវាស់វែងដោយខ្លួនឯងនោះទេ ពីព្រោះនេះជាខ្នាតអន្តរជាតិ និងជាព្រឹត្តិការណ៍អន្តរជាតិ ដោយកម្ពុជាជាសមាជិកពេញសិទ្ធិរបស់អន្តរជាតិ។
នាយកចាត់ការទូទៅរូបនេះបានបន្ថែមថា ចំពោះការចេញដំណើរលើវិញ្ញាសា២១គីឡូម៉ែត្រ ពាក់កណ្តាលម៉ារ៉ាតុង នៅវេលាម៉ោង ៥:១០នាទីព្រឹក, ១០គីឡូម៉ែត្រ វេលាម៉ោង ៥:២៥នាទី ៥គីឡូម៉ែត្រ វេលាម៉ោង ៥:៤០នាទី និងវិញ្ញាសារត់កម្សាន្តលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រត្រូវចេញដំណើរ នៅម៉ោង ៥:៥០នាទី ឬម៉ោង ៦:០០ ដែលមានការចូលរួមពីកុមារា កុមារីរត់ប្រណាំងកម្សាន្ត។ សម្រាប់ឆ្នាំនេះ គណៈកម្មការរៀបចំនឹងយកចិត្តទុកដាក់ខ្លាំងអំពីសុវត្ថិភាពផ្លូវរត់ រួមទាំងរថយន្តសង្គោះបន្ទាន់ជាច្រើនគ្រឿងនៅរង់ចាំតាមគោលដៅនានា ដើម្បីបង្ការក្នុងករណីបញ្ហាសុខភាពរបស់អ្នករត់កើតឡើងជាយថាហេតុ៕
